(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានជំរុញឱ្យមន្ត្រីរាជការនៃរដ្ឋបាលក្រុង/ស្រុក មេឃុំ ចៅសង្កាត់ ត្រូវផ្សព្វផ្សាយលើកទឹកចិត្តដល់ប្រជានេសាទក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមកចុះបញ្ជីនា ឬទូកនេសាទរបស់ខ្លួននៅច្រកចេញចូលតែមួយ ដើម្បីឱ្យមន្ត្រីជំនាញដាក់បំពាក់ឧបករណ៍តាមដាន GPS សំដៅបង្កើនភាពងាយស្រួល ក្នុងការជួយសង្គ្រោះនៅពេលមានហេតុគ្រោះថ្នាក់អ្វីមួយនៅក្នុងលម្ហសមុទ្រ ហើយមន្ត្រីនៅច្រកចេញចូលតែមួយក៏ត្រូវបម្រើការងារចុះបញ្ជីនេះប្រកបដោយតម្លាភាព និងឆាប់រហ័សផងដែរ។
ការណែនាំនេះធ្វើឡើងក្នុងឱកាសដែលលោក គួច ចំរើន ដឹកនាំកិច្ចប្រជុំស្តីពីការចុះបញ្ជីនាវាទូកនេសាទនៅភូមិសាស្ត្រខេត្តព្រះសីហនុ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក ពុំ សេដ្ឋា ប្រតិភូអមរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលជលផល និងមានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង/ស្រុក មន្ត្រីជំនាញរដ្ឋបាលជលផល មន្ទីរអង្គភាពពាក់ព័ន្ធ មេឃុំ ចៅសង្កាត់ទូទាំងខេត្ត។
តាមរបាយការណ៍ នៅខេត្តព្រះសីហនុមានទូកនេសាទតូចធំសរុបចំនួន២,៥២៣ទូក ហើយទូកដែលបានសុំបង់ពន្ធដែននេសាទមានតែ៦៥ទូកប៉ុណ្ណោះ។
នាឱកាសនោះ លោកអភិបាលខេត្តបានជំរុញឱ្យមន្ត្រីរាជការនៃរដ្ឋបាលក្រុង/ស្រុក មេឃុំ ចៅសង្កាត់ ត្រូវផ្សព្វផ្សាយលើកទឹកចិត្តដល់ប្រជានេសាទក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមកចុះបញ្ជីនា ឬទូកនេសាទរបស់ខ្លួននៅច្រកចេញចូលតែមួយ ដើម្បីឱ្យមន្ត្រីជំនាញដាក់បំពាក់ឧបករណ៍តាមដាន GPS សំដៅបង្កើនភាពងាយស្រួលក្នុងការជួយសង្គ្រោះនៅពេលមានហេតុគ្រោះថ្នាក់អ្វីមួយនៅក្នុងលម្ហសមុទ្រ។
លោកអភិបាលខេត្តបានណែនាំឱ្យមន្ត្រីនៃរដ្ឋបាលក្រុង/ស្រុក មេឃុំ ចៅសង្កាត់ ត្រូវយកស្មារតីនៃអង្គប្រជុំទៅផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជានេសាទរបស់ខ្លួន ហើយមន្ត្រីជំនាញក៏ត្រូវខិតខំជួយសម្របសម្រួលជូនពួកគាត់តាមនីតិវិធី។
លោកបានបន្តថា ក្នុងដំណាក់កាលលើកទឹកចិត្តនេះ រដ្ឋបាលខេត្តព្រះសីហនុនឹងមានការបញ្ចុះតម្លៃ ៥០% សម្រាប់ឆ្នាំ២០២៣ លើសេវាចុះបញ្ជីទូកនេសាទនិងបំពាក់ឧបករណ៍តាមដានការពារសុវត្ថិភាពផងដែរ។ មន្ត្រីជំនាញត្រូវខិតខំអប់រំផ្សព្វផ្សាយដល់ប្រជានេសាទនៅក្នុងសហគមន៍ ឱ្យចូលមកចុះបញ្ជីទូកនេសាទឱ្យបានទាន់ពេលវេលាក្នុងដំណាក់កាលលើកទឹកចិត្តនេះ ក្រោយការលើកទឹកចិត្ត នឹងមានការផាកពិន័យ ហើយអាជ្ញាធរភូមិ ឃុំនីមួយៗ ត្រូវទទួលខុសត្រូវចំពោះប្រជានេសាទរបស់ខ្លួនក្នុងការចុះបញ្ជីទូកនេសាទនៅក្នុងសហគមនេសាទឱ្យបានលឿន។
ក្នុងកិច្ចប្រជុំនោះ លោក ពុំ សេដ្ឋា ប្រតិភូអមរាជរដ្ឋាភិបាល ជាប្រធានរដ្ឋបាលជលផល បានឱ្យដឹងថា បច្ចុប្បន្នទូកនេសាទនៅក្នុងខេត្តព្រះសីហនុ បើទូកនេសាទណាបានចុះបញ្ជីហើយ យើងនឹងបំពាក់ឧបករណ៍ GPS ព្រោះសហភាពអ៉ឺរ៉ុបបានផ្តល់ថវិកាក្នុងការបំពាក់ឧបករណ៍ GPS តាមដានទូកនេសាទដែលបានចុះបញ្ជីរួច។ ការចុះបញ្ជីផ្តោតសំខាន់សម្រាប់ការគ្រប់គ្រងឱ្យមានតម្លាភាព ប្រសិទ្ធភាព និងការងារជួយសង្គ្រោះដោយឧបទ្ទហេតុណាមួយនៅក្នុងលម្ហសមុទ្រ។
លោកថា តាមច្បាប់កម្ពុជា ទូកអូសមិនអនុញ្ញាតឱ្យអូសនៅក្រោមជម្រៅទឹក២០ម៉ែត្រ ដូច្នេះអាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទត្រូវកំណត់ដែននេសាទសម្រាប់ទូកនេសាទ មានដូចជាអួនអូស ទូក លបក្តាម ត្រូវពង្រីកដែននេសាទនៅក្នុងសហគមន៍ ដើម្បីរួមគ្នាថែរក្សា ការពារ និងអភិរក្សធនធានជលផលនៅដែនសមុទ្រកម្ពុជាឱ្យសម្បូរបែបបន្ថែមទៀត សម្រាប់ប្រជានេសាទ និងការនេសាទនាំចេញ។
លោក ព្រុំ សេដ្ឋា បានបញ្ជាក់ទៀតថា ដោយសារកម្ពុជាជាប់កាតក្រហមរបស់សហភាពអ៉ឺរ៉ុបតាំងពីឆ្នាំ២០១៤ មានរយៈពេល៩ឆ្នាំមកហើយលើការជំរុញចុះបញ្ជីនាវាទូកនេសាទនេះ ដើម្បីដោះកាតក្រហមពីសហភាពអឺរ៉ុបនៅពេលខាងមុខ៕