(ភ្នំពេញ)៖ លោក កី ម៉ានេរ៉ា អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាឃុំខ្លនបក្ខពួក១១នាក់ទៀត ដែលបានសម្រុកចូលរំដោះមេឧក្រិដ្ឋជនគ្រឿងញៀនម្នាក់ នៅមន្ទីរពេទ្យធ្មេញមួយកន្លែងក្នុងខេត្តសៀមរាប យកទៅដាក់ពន្ធនាគារព្រៃសរ ដើម្បីរង់ចាំការទទួលការជំនុំជម្រះទោសនៅពេលក្រោយតាមនីតិវិធីច្បាប់បានកំណត់។
ការសម្រេចឃុំខ្លួននេះ គឺធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ លោក វង្ស សាវ៉ាត បានបញ្ចប់បើកការស៊ើបសួរ ហើយបានធ្វើសេចក្តីសន្និដ្ឋានចោទប្រកាន់ក្រុមអ្នកពាក់ព័ន្ធទាំង១១នាក់ និងបានបន្តបញ្ជូនរឿង និងវត្ថុតាងទៅចៅក្រមស៊ើបសួរតាមនីតិវិធិ។
ការសម្រេចឃុំខ្លួនមេក្លោង និងបក្ខពួក១១នាក់ដែលសម្រុកចូលរំដោះមេឧក្រិដ្ឋជនគ្រឿងញៀនម្នាក់នៅមន្ទីរពេទ្យធ្មេញមួយកន្លែងក្នុងខេត្តសៀមរាប របស់ចៅក្រមស៊ើបសួរ លោក កី ម៉ានេរ៉ា បានធ្វើឡើងកាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នេះបើយោងតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យអ្នករាយការណ៍ព័ត៌មានអង្គភាព Fresh News បានដឹងនៅព្រឹកថ្ងៃទី៣០ ខែសីហានេះ។
សូមរំលឹកថា ដើមចមនៃរឿងនេះ គឺមានខ្មាន់កាំភ្លើងមួយក្រុម ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុង បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញមួយកន្លែង។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ចំណុចគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ពិរុទ្ធជនដែលជាមេក្លោងត្រូវបានរំដោះទៅនោះ ឈ្មោះ Chen hsin han អាយុ៤៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ដែលចំនួនទោសជាង៥០ឆ្នាំ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃកើតហេតុ មន្ដ្រីពន្ធនាគារចំនួន៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិនខាងលើ ទៅគ្លីនិចធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធដែលតកាណុង បានភ្ជង់ទៅកាន់មន្ដ្រីពន្ធនាគារ ហើយជនសង្ស័យបានចូលទៅរំដោះអ្នកទោសចេញទៅបាត់។ ពេលធ្វើសកម្មភាពនោះ ក្រុមខ្មាន់កាំភ្លើងបានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារ ចំនួន៤នាក់ថែមទៀត។
ក្រោយរំដោះក្រុមខ្មាន់កាំភ្លើង បានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពណ៌ផ្សេងបារី ពាក់ផ្លាកលេខភ្នំពេញ 2AA-4315 គេចខ្លួនបាត់ស្រមោល។ រំលងបានប៉ុន្មានម៉ោងក្រោយ រថយន្ដដែលជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះឃើញយកទៅផ្លុងចោល។ ក្នុងនោះសមត្ថកិច្ចជំនាញប្រទះឃើញ កាំភ្លើងខ្លីចំនួន៥ដើម និងសម្ភារមួយចំនួនទៀត៕