(ពោធិ៍សាត់)៖ មន្ដ្រីឧទ្យានុរក្ស ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប និងក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស បានចុះល្បាតក្នុងមូលដ្ឋាន ២ថ្ងៃ ដោយរកឃើញមានបទល្មើសជាច្រើន ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា នៅថ្ងៃទី០៦-០៧ ខែសីហា ឆ្នាំ២០១៦ មន្ដ្រីឧទ្យានុរក្ស បានបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ខេត្តពោធិ៍សាត់ បានចំនួន ២ទីតាំងផ្សេងគ្នាគឺ ទី១- ចំណុចរានអំបិល ស្ថិតក្នុងភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន រួមមានបរ ៣ក្បាល របាំងអួន ៣ខ្សែ ប្រវែង ២៩៥០ម៉ែត្រ យកដុតកំទេចចោល។ ទី២- ចំណុចភូមិព្រែក ឃុំរាំងទិល ស្រុកកណ្តៀង រួមមានលូកងស្បៃមុង ៩ក្បាល របាំងស្បៃ ៣ខ្សែ ប្រវែង ១៥០០ម៉ែត្រ កាប់កំទេចចោល ១០០០ម៉ែត្រ កាប់កំទេចចោលសាច់អួន ៤៥០ម៉ែត្រ កាប់កំទេចចោលបង្គោល ៤០០០ដើម ចាប់លែងកូនត្រីចម្រុះ ១៥០គីឡូក្រាម និងសារស្បៃមុង ៥០០ម៉ែត្រ យកមករក្សាទុកនៅស្នាក់ការរងតំបន់។
ចំណែកនៅថ្ងៃខែឆ្នាំដដែល មន្ត្រីឧទ្យានុរក្សក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស បានចុះល្បាតនៅចំណុចអូរដើមព្រីង ផ្លូវ៤១០ ត្រង់ UTM ០៣១០៧០៩/១៣៧៣១៨៤ ប្រទះឃើញមានការ ឈូសឆាយ ដីព្រៃ និងព្យួរ បានប្រហែល ៩ហិកតា តាមការពិនិត្យទើបតែរុករានបានប្រែហលកន្លះខែមុន ក្រោយមកមន្ត្រីឧទ្យានុរក្សបានបន្តស្រាវជ្រាវ រកអ្នកប្រពឹត្រដើម្បីចាត់ការតាមច្បាប់៕