(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអរគុណដល់ប្រតិភូខេត្តយ៉ាឡាយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលបានចូលរួមអបអរសាទរ ចំពោះភាពជោគជ័យរបស់ប្រទេសកម្ពុជា ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧មនៃរដ្ឋសភា និងសាទរឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រតែងតាំងជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧នេះ។

ការថ្លែងអំណរគុណរបស់លោក គីម រិទ្ធី ក្នុងឱកាសដែលលោកទទួលជួបសម្ដែងការគួរសម ជាមួយគណៈប្រតិភូខេត្តយ៉ាឡាយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយ លោក ហូ វ៉ាន់នៀន សមាជិកគណៈកម្មាធិការមជ្ឍឹមបក្ស ប្រធានលេខាបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្តយ៉ាឡាយ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំជាន់ទី៣ សាលាខេត្តព្រះវិហារ ដោយមានចូលរួមពីសំណាក់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំង៣ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ពាក់ព័ន្ធជាច្រើនរូបទៀត។

ការជួបសម្ដែងការគួរសមរវាងលោកអភិបាលខេត្តព្រះវិហារ និងប្រតិភូខេត្តយ៉ាឡាយ នាឱកាសនោះក្នុងគោលបំណង ដើម្បីរឹតចំណងមេត្រីភាពរវាងខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយខេត្តព្រះវិហារ នៃព្រះរាជាណា ចក្រកម្ពុជា ដែលមានមេត្រីភាពជាមួយគ្នាជាយូរអង្វែង។

ជាមួយគ្នានេះផងដែរ លោកអភិបាលខេត្តព្រះវិហារ ក៏បានបង្ហាញពីកិច្ចសហប្រតិបត្តិការល្អ នៃចំណងមិត្តភាព ជាប្រវត្តិសាស្ត្រ ដែលជាប្រទេសស្ថិតជាប់ព្រំផងរបងជាមួយគ្នា ដែលតែងតែ ផ្តល់ការគាំទ្រ និងជួយគ្នាប្រកបដោយសុឆន្ទៈ ពិសេសការជួយគ្នាវាយរំលំ នូវអាណានិគមរួមគ្នានឹងជួយរំដោះប្រទេសកម្ពុជាពីរបបប៉ុលពត និងបន្តសហការល្អរហូតមកដល់សព្វថ្ងៃ៕