(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណ:កម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តឧត្តរមានជ័យ បានណែនាំដល់អាជ្ញាធដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ធ្វើការបង្រ្កាប និងទប់ស្កាត់បញ្ហាគ្រឿងញៀន នៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធិភាពខ្ពស់។

ការណែនាំបែបនេះរបស់លោក ប៉ែន កុសល្យ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមអបអរក្នុងពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទប្រជាជនជាចម្បង «បញ្ឈប់ការរើសអើង និងការមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ» ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការតាមមន្ទីរស្ថាប័នពាក់ព័ន្ធ សិស្សានុសិស្ស នាព្រឹកថ្ងៃទី២៩សីហាឆ្នាំ២០២៣នេះ។

ក្នុងពិធីនោះដែរ លោក ប៉ែន កុសល្យ បានលើកឡើងថាគ្រឿងញៀន គឺជាបញ្ហាមួយដែលសង្គមបច្ចុប្បន្ន មានការព្រួយបារម្ភ និងត្រូវបង្កាទប់ស្កាត់ឲ្យខានតែបានក្នុងសង្គម។ បញ្ហានេះយើងគ្រប់រូបត្រូវជៀសវាងឲ្យឆ្ងាញ ពិសេសប្អូនៗយុវវ័យសិស្សានុសិស្ស ដែលកំពុងសិស្សានោះត្រូវឆ្លើយថាទេ ចំពោះគ្រឿងញៀន និងមិនត្រូវមានការសេបគ្រឿងញៀនជាដាច់ខាត។

លោកអភិបាលខេត្តបានបន្តថា ដើម្បីលុបបំបាត់គ្រឿងញៀន យើងទាំងអស់គ្នាក៍ដូចជាកម្លាំងមន្រ្តីជំនាញពាក់ព័ន្ធនៅតាមមូលដ្ឋានត្រូវសហការគ្នាឲ្យបានល្អ ធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ឲ្យបានដាច់ខាត និងផ្តល់ព័តមានឲ្យបានឆាប់ប្រសិនបើមានករណីជួញដូរក្នុងមូលដ្ឋានណាមួយរបស់បងប្អូនបានកើតឡើងនោះ។

លោក ប៉ែន កុសល្យ បានសង្កត់ធ្ងន់ថា ប្រសិនការជួញដូរគ្រឿងញៀននៅតែបន្តកើតមានឡើងក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រងនោះ មន្រ្តីមូលដ្ឋានតិចក្តីច្រើនក្តី រួមទាំងមន្រ្តីជំនាញពាក់ព័ន្ធ ត្រូវមានការទទួលខុសត្រូវខ្ពស់ និងធ្វើយ៉ាងបង្រ្កាបឲ្យខានតែបានដើម្បីផ្តល់ភាពសុខសាន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យមានសន្តិសុខសង្គមល្អ និងភូមិ ឃុំមានសុវត្ថិភាពល្អប្រសើរ។ ព្រោះថាគ្រឿងញៀន គឺជាបញ្ហាមួយអាចបំផ្លាញគ្រប់យ៉ាងមកលើក្រុមគ្រួសាររបស់បងប្អូនក៏ដូចជាសង្គមជាតិផងដែរ៕