(ភ្នំពេញ)៖ ក្រោយពីមានការរិះគន់ ការតវ៉ា និងការមិនពេញចិត្តរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ មានទីលំនៅមុខផ្សារឈូកមាស ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ចំពោះបងប្អូនអាជីវករ និងម្ចាស់ផ្ទះមួយចំនួន បានយកចិញ្ចើមផ្លូវ និងជួលចិញ្ចើមផ្លូវ សម្រាប់ការលក់ដូរ នាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ ក៏ដូចជាសោភ័ណភាពនោះ ទីបំផុតនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦នេះ លោក បិុល កុសល ប្រធានគណ:បញ្ជាការឯកភាពខណ្ឌសែនសុខ បានដោះស្រាយបញ្ចប់ហើយ ដោយដឹកនាំកម្លាំងសន្តិសុខ ចុះទៅរៀបចំនៅទីនោះ នឹងមិនអនុញ្ញាតឲ្យមានការលក់ដូរទៀតឡើយ។
ក្រុមប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅទីនោះ ហើយដែលរងផលប៉ះពាល់យ៉ាងខ្លាំង ពីការយកចិញ្ចើមផ្លូវធ្វើជាកន្លែងប្រកបអាជីវកម្ម ដែលស្ទើគ្មានផ្លូវចូលផ្ទះនោះ បានសាទរចំពោះចំណាត់ការដ៏ក្តៅគគុក របស់លោកអភិបាលខណ្ឌ ខណ:ដែលម្ចាស់ទីតាំងមួយចំនួន និងក្រុមអាជីវករខ្លះមិនសប្បាយចិត្ត ក៏ព្រោះតែបាត់បង់ផលប្រយោជន៏ តែចំណាត់ការរដ្ឋបាលនេះ គោលបំណងឲ្យមានភាពល្អប្រសើរខាងផ្នែកបរិស្ថាន និងសណ្តាប់ធ្នាប់រាជធានីភ្នំពេញប៉ុណ្ណោះ។
លោក បិុល កុសល បានប្រាប់ភ្នាក់ងារ Fresh News ថា «ការចុះរៀបចំសណ្តាប់ធ្នាប់ទីតាំងផ្សារខាងលើនេះ គឺក្នុងគោលបំណង ជួយសម្រួលការលំបាក ដែលនេះជាការលក់ដូររំលោភលើចិញ្ចើមផ្លូវនាំឲ្យប៉ះពាល់សណ្តាប់ធ្នាប់ សាធារណៈ។ ជាងនោះទៅទៀត ក្រុមអាជីវករត្រូវបង់លុយប្រចាំថ្ងៃ និងខែឲ្យម្ចាស់ផ្ទះថែមទៀតផង»។
អភិបាលខណ្ឌរូបនេះ បានសុំការយោគយល់អធ្យាស្រ័យពីសំណាក់បងប្អូនអាជីករ ឲ្យទ្រាំបន្តិចសិន ព្រោះការរៀបចំរកទីតាំងថ្មីសមរម្យ ជូនពួកគាត់ នឹងពន្លឿនឲ្យរួចរាល់ក្នុងរយៈពេល៣ថ្ងៃ៕
សម្រាប់ក្រុមអាជីករវិញ បានគាំទ្រពេញទំហឹងចំពោះការយកចិត្តទុកដាក់ និងចំណាត់របស់ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ សែនសុខ ដែលនេះជាក្តីសង្ឃឹមជាយូរយាណាស់មកហើយរបស់ពួកគាត់គឺចង់មានទីតាំងលក់ដូរត្រឹមត្រូវ មិនមានការដេញពីមុខ ពីក្រោយ ឥឡូវនេះគឺជិតបានដូចបំណងពួកគាត់ហើយ ដូច្នេះពួកគាត់ នឹងរង់ចាំតាមការសំណូមពរពីអាជ្ញាធរខណ្ឌ៕