(ស្ទឹងត្រែង)៖ មន្ទីរកិច្ចនារី ខេត្តក្រចេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំប្រកបដោយសមធម៌ និងបរិយាប័ន្ន ជូនដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពរបស់លោកស្រី កែវ សាវឿន អភិបាលរងខេត្តស្ទឹងត្រែង និងលោកស្រី សន សុខា ប្រធានមន្ទីរកិច្ចការនារីខេត្ត នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ។
វគ្គបណ្តុះបណ្តាលនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ដែលជាមន្ត្រីបង្គោលរបស់មន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប។
នាឱកាសនោះដែរ លោកស្រីអភិបាលរងខេត្តស្ទឹងត្រែង បានលើកពីគោលបំណងនៃវគ្គបណ្តុះបណ្តាល គឺដើមី្បអភិវឌ្ឍ សមត្ថភាពពីភាពជាអ្នកដឹកនាំប្រកបដោយសមធម៌ និងបរិយាប័ន្ន ក្នុងការអនុវត្តការងាប្រកបដោយឥទ្ធិពលដល់ក្រុមគ្រូបង្គោល សម្រាប់យកទៅប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ និងបណ្តុះបណ្តាលបន្តដល់រដ្ឋបាលរបស់ខ្លួន។
លោកស្រី កែវ សាវឿន ជំរុញដល់មន្ទីរ អង្គភាពនាពេលនេះ ត្រូវយល់ដឹងឲ្យកាន់តែច្បាស់ពីបរិយាប័ន្ន និងសមធម៌សង្គម ដើមី្បយកទៅបម្រើក្នុងការងារប្រចាំថ្ងៃសំខាន់គឺការបណ្តុះបណ្តាលបន្តដល់រដ្ឋបាលរបស់ខ្លួនក្នុងនោះក៏មានក្នុងជួរគណៈអភិបាល ក្រុមប្រឹក្សា និងអ្នកពាក់ព័ន្ធផងដែរ។
លោកស្រីក៏បានលើកនូវចំណុចសំខាន់ៗ ដែលជាប្រទីបសម្រាប់ទីប្រឹក្សា ដែលជាគ្រូបង្គោលយកទៅអនុវត្តក្នុងការលើកកម្ពស់ស្រ្តីនៅក្នុងជួររាជរដ្ឋាភិបាលតាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ។
លោកស្រី កែវ សាវឿន សង្ឃឹមជឿជាក់ថាការចូលរួមរបស់គ្រូបង្គោល និងទទួលបានការយល់ដឹងដែលពាក់ព័ន្ធទស្សនទាននិងវិធីសាស្ត្រនៃការបញ្ជ្រាបយេនឌ័រដល់រដ្ឋបាលថ្នាក់ក្រោមជាតិដែលជាមូលដ្ឋានគ្រឹះនៃភាពជាអ្នក ដឹកនាំប្រកបដោយសមធម៌ និងបរិយាប័ន្ន ព្រមទាំងវិធីសាស្ត្រក្នុងការប្រមូលទិន្នន័យ ព័ត៌មាន និងការតាមដាន វាយតម្លៃលើ និងទទួលបាននូវបទពិសោធន៍ល្អៗទៀតផង។
ក្នុងនោះដែរ លោកស្រីអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់គ្រូបង្គោលទាំងអស់ ត្រូវធ្វើការបញ្ចេញមតិយោបល់ ក្នុងកិច្ចពិភាក្សាឲ្យបានផុលផុស ដើមី្បទទួលបាននូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះសម្រាប់យកទៅធ្វើការអនុវត្តនៅតាមមូលដ្ឋានខ្លួនផងដែរ៕