(តាកែវ)៖ លោកវេជ្ជបណ្ឌិត យង់ សុវឌ្ឍនា អភិបាលរង និងប្រធានលេខាធិការដ្ឋានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវ បានលើកឡើងថា ការចូលរួមបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន គឺជាការលើកកម្ពស់សុខភាពសិក្សា។
ការថ្លែងបែបនេះរបស់លោក យង់ សុវឌ្ឍនា បានធ្វើក្នុងកិច្ចប្រជុំឆមាសទី១បូកសរុបការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យអប់រំសិក្សាធិការដល់នាយក នាយិកា មធ្យមសិក្សាទូទាំងខេត្ត តាកែវនារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នេះ។
ដែលកិច្ចប្រជុំនេះរៀបចំដោយរដ្ឋបាលខេត្តតាកែវសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ដែលមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា លោក លោកស្រី នាយក នាយិកា លោកគ្រូ អ្នកគ្រូ អនុវិទ្យាល័យ និងវិទ្យាល័យទូទាំងខេត្តតាកែវ។
លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានមានប្រសាសន៍ស្វាគមន៍ រាយការណ៍ពីសកម្មភាពចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យអប់រំសំដៅទប់ស្កាត់ថែទាំសុខភាពសិក្សាដល់សិស្សលើកកម្ពស់ប្រសិទ្ធភាព គុណភាពអប់រំ។
ថ្លែងក្នុងនាមលោក អ៊ូច ភា អភិបាលខេត្តតាកែវ ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត យង់ សុវឌ្ឍនា បានថ្លែងនូវការកោតសសើរដល់កិច្ចខិតខំប្រឹងប្រែងពីគណ:គ្រប់គ្រង លោកគ្រូ អ្នកគ្រូទាំងអស់ក្នុងជាមាតាបីតាទី២ បានផ្ទេរចំណេះដឹងដល់សិស្សានុសិស្ស និងបានដឹកនាំសិស្សានុសិស្សឱ្យចេះស្រឡាញ់សុខភាព អនាម័យ បរិស្ថាន ក្នុងនិងក្រៅសាលា។
ក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត យង់ សុវឌ្ឍនា បានបន្តទៀតថា បញ្ហាគ្រឿងញៀនមិនទៅណាឆ្ងាយពីយើងទាំងអស់គ្នាទេ ដូចនេះតម្រូវឱ្យគ្រប់សមាសភាពទាំងអស់ត្រូវតែបន្តរួមគ្នាប្រយុទ្ធប្រឆាំង ហើយការចូលរួមបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន គឺជាលើកកម្ពស់សុខភាពសិក្សាដើម្បីសុវត្ថិភាពសហគមន៍ ជាអនាគតយើង កូនចៅយើង៕