(កែប)៖ ក្នុងរយ:ពេលជាង៣ឆ្នាំកន្លងមកនេះ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ដែលក្នុងនាមជាមន្រ្តីដ៏ស្មោះត្រង់មួយរូបដែលតែងតែប្រតិបត្តិតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងអស់កម្លាំងកាយចិត្ត ដោយមិនក្លាចការនឿយហត់នោះឡើយ ក្នុងការបម្រើប្រជាពលរដ្ឋខេត្តកែប។
លោកអភិបាលខេត្តបានដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ លើកកម្ពស់ការផ្តល់សេវាគ្រប់ប្រភេទ កសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ពលរដ្ឋប្រើប្រាស់។
ក្រៅពីនេះ ក្នុងរយៈពេលនេះផងដែរ លោកបណ្ឌិត សោម ពិសិដ្ឋ ចុះសុខទុក្ខជាមួយប្រជាពលរដ្ឋ និងមន្រ្តីរដ្ឋបាលសាធារណៈជាប្រចាំ។
នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសខួប១ឆ្នាំ នៃការចូលកាន់មុខតំណែងរបស់លោក ឆាង ឆៃ ជាអភិបាលស្រុកដំណាក់ចង្អើរ, លោកបណ្ឌិត បានផ្តល់កិត្តិយសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ មន្រ្តីគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលស្រុកដំណាក់ចង្អើរ ខេត្តកែប។
ក្នុងឱកាសនោះលោកបានបង្ហាញការប្តេជ្ញាចិត្ត បន្តប្រឹងប្រែងបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ ជាមួយគ្នានេះ លោកបានណែនាំដល់លោកអភិបាលស្រុក និងសហការី ត្រូវបន្តខិតខំបំពេញការងារឱ្យកាន់តែសកម្ម ក្នុងការផ្តល់សេវា ជូនប្រជាពលរដ្ឋ ជាពិសេសការដោះស្រាយបញ្ហាប្រឈមនានាចំពោះមុខ។
ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលខេ្តក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់សេចក្តីទុកចិត្តដល់រូបលោកនាពេលកន្លងមកក្នុងការផ្តល់ឱកាសបំពេញតួនាទី ភារកិច្ចកន្លងមក ហើយឯកឧត្តមក៏បានប្តេជ្ញាអនុវត្តការងារជាច្រើនបន្តទៀត ដើម្បីឱ្យខេត្តកែបមានការរីកចម្រើនលូតលាស់បន្ថែមទៀត «ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ខ្ញុំបាទនិងសហការី ប្តេជ្ញាអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធ សាស្ត្របញ្ចកោណ ឱ្យបានល្អប្រសើរ ព្រមទាំងបម្រើប្រជាជនខេត្តកែបដោយស្មោះត្រង់ និងអស់ពីសមត្ថភាព»៕