(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងលោកកិត្តិបណ្ឌិត លឹម គានហោ នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ បានជួបសំណេះសំណាលលើកដំបូងជាមួយថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប នៅទីស្តីការក្រសួងធនធានទឹក។

ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី ដែលតែងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ក្នុងវិស័យធនធានទឹក និងឧតុនិយម។

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅគោរពជូនចំពោះលោកកិត្តិបណ្ឌិត លឹម គានហោ អតីតរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាវីរជនរបស់ក្រសួងដែលបានបន្សល់ទុកនូវស្នាដៃ និងសមិទ្ធផលជាច្រើន។ លោកបានរំឭកឡើងអំពីសារសំខាន់នៃវិស័យធនធានទឹក ដែលត្រូវបានរំលេចឡើងយ៉ាងច្រើនក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងបានថ្លែងថា វិស័យធនធានទឹកមានភាពស្មុគស្មាញ ដែលត្រូវការធនធានមនុស្សដែលមានជំនាញច្បាស់លាស់ ដើម្បីបំពេញការងារ។

លោកកិត្តិបណ្ឌិត លឹម គានហោ បានលើកសរសើរដល់លោករដ្ឋមន្ត្រី ថោ ជេដ្ឋា និងបានសម្តែងនូវការគោរពដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់នូវសេចក្តីទុកចិត្តដល់លោកក្នុងការងារដឹកនាំគ្រប់គ្រងក្រសួងធនធានទឹក និងឧតុនិយម ក្នុងរយៈពេល៥អាណត្តិកន្លងមក។

លោកកិត្តិបណ្ឌិត លឹម គានហោ ក៏បានផ្តាំផ្ញើឱ្យយកចិត្តទុកដាក់លើការងារបច្ចេកទេសដែលមានលក្ខណៈស្មុគស្មាញ ពិសេសការងារសាងសង់ ដោយប្រើប្រាស់ភាពច្នៃប្រឌិត និងភាពប៉ិនប្រសព្វក្នុងការដោះស្រាយបញ្ហាចំពោះមុខ។ លោកកិត្តិបណ្ឌិតមានក្តីសង្ឃឹមយ៉ាងមុតមាំលើលោករដ្ឋមន្ត្រីថ្មី ដើម្បីដឹកនាំក្រសួងធនធានទឹក និងឧតុនិយមកាន់តែមានការអភិវឌ្ឍរីកចម្រើន។

លោក ថោ ជេដ្ឋា បានសម្តែងនូវការគាំទ្រ និងថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្ត និងផ្តល់ឱកាសដល់លោកឱ្យចូលរួមជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងនាមជារដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីបន្តបេសកម្មដ៏ឧត្តុង្គឧត្តមលើវិស័យធនធានទឹក និងឧតុនិយមឱ្យកាន់តែរីកចម្រើនកាន់តែល្អប្រសើរទ្វេឡើងថែមទៀត។

ជាការតបស្នងចំពោះការផ្តល់ឱកាសខាងលើ លោករដ្ឋមន្ត្រីបានបេ្តជ្ញាចិត្តយ៉ាងមោះមុតដើម្បីបន្តថែរក្សាការពារសមិទ្ធផលដែលមានពីមុនមក និងបង្កើនសមិទ្ធផលថ្មីៗ ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ។ កិច្ចការងារដ៏ឧត្តុមឧត្តុង្គនេះទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួង ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម មានជំនឿយ៉ាងមុតមាំ និងការប្តេជ្ញាចិត្តខ្ពស់ ព្រមជាមួយនឹងសេចក្តីសង្ឃឹមថារួមគ្នាជាធ្លុងមួយបំពេញឱ្យបាននូវបេសកកម្មចម្បង ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាបានប្រគល់ជូន៕