(ព្រៃវែង)៖ ទារិកាកូនខ្មែរឥស្លាម អាយុទើបតែ២០ខែម្នាក់ បានធ្លាក់ចូលទឹកទន្លេបណ្តាលឱ្យលង់ស្លាប់ ខណៈដែលឪពុក ម្តាយទុកឱ្យនៅជាមួយបងប្អូនលើទូក ដោយសារពួកខ្លួនរវល់ទៅមើលមង ដាក់ត្រី។
ហេតុការណ៍គួរឱ្យសង្វេគនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅចំណុចស្ពានកំពុងខ្សាច់ ស្ថិតនៅភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
សមត្ថកិច្ចបានឱ្យដឹងថា ទារិការងគ្រោះមានឈ្មោះ វ៉ាត បក្សា អាយុ២០ខែ មានឪពុកឈ្មោះ សែន វ៉ាត អាយុ២៦ឆ្នាំ ចំណែកម្ដាយឈ្មោះ អ៊ែល ជូក អាយុ២៤ឆ្នាំ គ្រួសារនេះជាជនជាតិខ្មែរឥស្លាម រស់នៅភូមិក្រហម-ក ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្ដព្រៃវែង។
លោកអធិការនគរបាលស្រុកពោធិ៍រៀង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា ឪពុក ម្ដាយទារិការងគ្រោះ គឺជាជនជាតិខ្មែរឥស្លាម ហើយមុខរបររបស់េពួកគាត់ គឺអ្នកនេសាទត្រីដែលភាគច្រើន គឺនៅតែលើទូកតែប៉ុណ្ណោះហើយ នៅមុនពេលកើតហេតុ ដោយសារមានការធ្វេសប្រហែសពីឪពុក ម្ដាយក្មេងរងគ្រោះ ទើបនាំឱ្យធ្លាក់កូនចូលទឹកទន្លេបណ្ដាលឱ្យលង់ទឹកស្លាប់តែម្ដង។
បន្ថែមលើសពីនេះ លោកអធិការនគរបាលស្រុកពោធិ៍រៀង ក៏បានអំពាវនាវដល់ប្រជាលរដ្ឋដែលប្រកបមុខរបរនេសាទត្រី សូមមានការប្រុងប្រយ័ត្ន ចំពោះក្មេងៗកុំឱ្យទៅតាមទូកដែលនាំឱ្យគ្រោះថ្នាក់ជាយថាហេតុដូចជាករណីកុមារីធ្លាក់ទឹកទន្លេ ដែលនាំឱ្យមានការសោកស្តាយ៕