(កំពង់ស្ពឺ)៖ ដោយមានការសម្របសម្រួលពីសំណាក់លោកស្រី ឡុង បូណារ៉េត អភិបាលរងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ អាជ្ញាធរខេត្ត និងរដ្ឋបាលស្រុកបសេដ្ឋ ចុះសម្របសម្រួលដោយ មានការស័្មគ្រចិត្តគ្មានការបង្ខិតបង្ខំ ជួបកុមារក្រីក្រ និងកំព្រាចំនួន១៥នាក់ ដែលរស់នៅជាមួយម្ដាយមីងឈ្មោះ ពុំ សំអុល អាយុ៣៦ឆ្នាំ ក្នុងនោះមានកូនផ្ទាល់ខ្លួនចំនួន៤នាក់របស់ ពុំ សំអុល ដែលកំពុងរស់នៅភូមិព្រៃតាភេម ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

យោងតាមក្រុមការងារស្រុកបសេដ្ឋ បានឲ្យដឹងថា កន្លងមករដ្ឋបាលស្រុក បានខិតខំដោះស្រាយ យកចិត្តទុក្ខដាក់ ចុះសួរសុខទុក្ខ និងផ្តល់គ្រឿងឧបភោគបរិភោគ ជារឿយៗ ដល់កុមារក្រីក្រ កំពុងរស់នៅជាមួយម្ដាយមីង មានជីវភាពខ្វះខាត។

ដោយសារស្ថានម្តាយមីងជួបបញ្ហាខ្វះខាត ក្រុមការងារដោយមានការចង្អុលបង្ហាញពីសំណាក់លោក សំអឿន សុបញ្ញា អភិបាល នៃគណៈអភិបាលស្រុក ទើបការិយាល័យសង្គមកិច្ច និងសុខុមាលភាពសហការជាមួយអាជ្ញាធរភូមិ ឃុំ បានធ្វើការបញ្ជូនកុមារចំនួន៧នាក់ ក្នុងនោះស្រី៥នាក់ ជាពិសេសមានការឯកភាពពីម្តាយមីង និងមានការឯកភាពពីកុមារផ្ទាល់ ព្រមស្ម័គ្រចិត្តទៅរស់នៅ សិក្សារៀនសូត្រនៅមណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ៕