(សៀមរាប)៖ លោក ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប ត្រូវប្រកាសតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ជំនួសលោក ទៀ សីហា ដែលត្រូវព្រះមហាក្សត្រ បានតែងតាំង ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
គួរឱ្យដឹងថា មុនទទួលតំណែងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប លោក ប្រាក់ សោភ័ណ្ឌ មានតួនាទីជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ហើយត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្រេចតែងតាំងដំឡើងឋានៈជាប្រធានគណៈកម្មាធិការគណបក្សខេត្តសៀមរាប បន្ទាប់ពីលោកត្រូវបានតែងតាំងជាអភិបាលខេត្តសៀមរាប។
ពិធីប្រកាសតែងតាំងនេះបានធ្វើឡើងក្រោមវត្តមាន សម្ដេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយមូលដ្ឋានខេត្តសៀមរាប នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ នៅខេត្តសៀមរាប។
ក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ សមាជិកសមាជិកាគណបក្សទាំងអស់ ដែលមានវត្តមានក្នុងពិធីប្រកាសនេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ បើទោះបីជាប្រទេសជាតិ ស្ថិតក្នុងបរិបទជួបប្រទះបញ្ហា ដោយសារការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ក៏ដោយចុះ គឺសម្តេចតេជោ ហ៊ុន សែន ក្នុងតួនាទីជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅតែខិតខំពុះពារស្តារឡើងវិញនូវវិបត្តិផ្សេងៗ ជាពិសេសខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាការពារសុខមាលភាព និងអាយុជីវិតប្រជាពលរដ្ឋរួមនឹងការស្តារសេដ្ឋកិច្ច ឈានទៅឱ្យបើកដំណើរការប្រទេសជាធម្មតាឡើងវិញទៀតផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានស្នើឱ្យប្រធានគណបក្សខេត្ត ត្រូវផ្តោតលើការងារកសាងកម្លាំងថ្មី និងពង្រីកបន្ថែមនូវសមាជិកគណបក្សបន្តទៀត ជាពិសេសក្នុងស្រទាប់យុវជន គឺសំដៅឈានទៅយកភាពឈ្នះនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅអាណត្តិបន្តបន្ទាប់របស់គណបក្សប្រជាជនកម្ពុជា សម្រាប់បន្តអាណត្តិដឹកនាំប្រទេស ដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍឱ្យមានការរីកចម្រើនបន្តទៅមុខទៀត។
សម្តេចពិជ័យសេនា បានបន្តថា ក្នុងនាមជាអនុប្រធានគណបក្សប្រជាជនកម្ពុជា សូមសម្តែងនូវអំណរគុណ ដល់សមាជិក សមាជិកា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃគណបក្សប្រជាជនកម្ពុជា ក៏ដូចប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប ដែលបានអញ្ជើញទៅបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា នីតិកាលទី៧ ដើមី្បបន្តកិច្ចអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនលើគ្រប់វិស័យនៅគ្រប់មូលដ្ឋាន។
សម្តេចពិជ័យសេនា ក៏បានជំរុញដល់ប្រធានគណបក្សខេត្តត្រូវយកចិត្តទុកដាក់ខ្ពស់ និងកិច្ចសហការល្អជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តផែនការណែនាំ និងគោលការណ៍របស់រាជរដ្ឋាភិបាល ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្ត ចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង អំពីជីវភាពរស់នៅរបស់បងប្អូនផងដែរ៕