(ភ្នំពេញ)៖ មន្ត្រីគយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ តំបន់៦ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងផលិតបារីដែលគ្មានបិទត្រាពន្ធគយ និងគ្មានឯកសារបង់ពន្ធនាំចូល នៅជាប់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រមូលបានវត្ថុតាំងមួយចំនួន។
ប្រតិបត្តិការនេះធ្វើឡើងក្រោមអនុសាសន៍របស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងមានការចង្អុលបង្ហាញពីលោក កើត សុទ្ធារ៉ា អគ្គនាយករង និងជាប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើសលើករណីពង្រឹងការទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសគយ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។
ក្នុងនោះន្ត្រីគយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ តំបន់៦ ដែលដឹកនាំផ្ទាល់ដោយលោក ព្រាប គារ៉ាត និងមានការចូលរួមសហការពីមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស មន្ត្រីកងរាជអាវុធហត្ថខេត្ត មន្ត្រីស្នងការដ្ឋាននគរបាលខេត្ត និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ ជំនួសដោយលោក សូ សុវិទ្យា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ បានធ្វើការឡោមព័ទ្ធទីតាំងផលិតបារីមួយកន្លែង ស្ថិតនៅជាប់ផ្លូវចូលមកពីមាត់ច្រកទ្វេភាគីដា ស្ថិតក្នុងភូមិដាកណ្តោល ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ជាលទ្ធផល មន្ត្រីមានសមត្ថកិច្ចចម្រុះបានត្រួតពិនិត្យឃើញទំនិញរួមមាន៖ ម៉ាស៉ីនផលិតបារីចំនួន២ ម៉ាស៉ីនវេចខ្ចប់បារីចំនួន២ សរសៃថ្នាំជក់១២០បា កាវ Double Wheel ចំនួន៦០ធុង កន្ទុយស្នោ១៤៩កេស ស្គុតថ្លាចំនួន៣៩កេស ប្លាស្ទិកថ្លា៣៣៧ដុំ ថង់ខ្មៅចំនួន១៦០ដុំ Forklift ចំនួន១គ្រឿង គ្មានបង្កាន់ដៃបង់ពន្ធនាំចូល។ ទំនិញចំនួន៨មុខ គ្មានឯកសារបង់ពន្ធនាំចូល និងសិប្បកម្មនេះ គ្មាលិខិតអនុញ្ញាតឱ្យផលិតបារី ត្រូវបានបិទសៀលគយ និងថែរក្សាទុកនៅក្នុងឃ្លាំងជាបណ្តោះអាសន្ន។ ដោយឡែកចំពោះ Forklift ចំនួន១គ្រឿង ត្រូវបានចាប់ឃាត់ និងយកមកថែរក្សាទុកជាបណ្តោះអាសន្ន នៅទីតាំងឈរជើងរបស់គយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ តំបន់៦។
នៅថ្ងៃដដែលនោះ មន្ត្រីគយបានរកឃើញទីតាំងឃ្លាំងមួយកន្លែងផ្សេងទៀតនៅចម្ងាយប្រមាណ៣០០ម៉ែត្រពីសិប្បកម្មខាងលើ ស្ថិតនៅក្នុងភូមិបេង ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាកន្លែងស្តុកសំបកវេចខ្ចប់បារី និងបារី បន្ទាប់ពីធ្វើការត្រួតពិនិត្យជាក់ស្ដែងឃើញមានលទ្ធផល៖ បារីម៉ាកចំនួន១,២៧៣ប៊ិច
គ្មានបិទត្រាពន្ធគយនិងគ្មានឯកសារបង់ពន្ធនាំចូល បារីចិនម៉ាក HUANGHELOU ចំនួន១៩០ប៊ិច គ្មានបិទត្រាពន្ធគយនិងគ្មានឯកសារបង់ពន្ធនាំចូល សំបកវេចខ្ចប់បារីចំនួន២,៤០៨កេស គ្មានឯកសារបង់ពន្ធនាំចូល។
បច្ចុប្បន្នទំនិញល្មើសទាំងនេះត្រូវបានឃាត់ និងយកមកថែរក្សាទុកជាបណ្តោះអាសន្ននៅទីតាំងឃ្លាំងគយ ផែស្ងួត លឹម ប៊ុណ្ណា ត្រពាំងផ្លុង ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយតាមនីតិវិធី។
សូមជ្រាបថា មុននឹងឈានទៅដល់ការព័ទ្ធចាប់សិប្បកម្មនិងឃ្លាំងនេះ មន្ត្រីគយបានចម្លើយសារភាពពីអ្នកបើកបររថយន្តម៉ាក Mitsubishi Canter ពាក់ផ្លាកលេខ កំពង់ចាម 2B-3012 ដឹកបារីម៉ាក ESSE ចំនួន៤០ប៊ិច ដែលមន្ត្រីគយតំបន់៦បានចាប់ឃាត់កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ បានឆ្លើយសារភាពថា បារីដែលខ្លួនដឹកនេះគ្មានឯកសារបង់ពន្ធអ្វីទេ ហើយខ្លួនបានចូលទៅដឹកចេញពីឃ្លាំងមួយកន្លែង មានទីតាំងក្បែរមាត់ច្រកទ្វេភាគីដាយកទៅឱ្យឈ្មោះ ថាន់ ជាងម៉ាស៉ីន នៅផ្សារ ជីភូ ខេត្ត ស្វាយរៀង ដើម្បីត្រៀមធ្វើការនាំចេញទៅប្រទេសវៀតណាម៕