(ភ្នំពេញ)៖ ក្រសួង ស្ថាប័នរាជរដ្ឋាភិបាល តំណាងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) សង្គមស៊ីវិល និងបណ្តាញអ្នករងផលប៉ះពាល់ដោយសារជំងឺរបេង (TBpeople Cambodia) នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ បានបើកក្នុងកិច្ចសន្ទនាកម្រិតប្រទេសស្តីពីកិច្ចប្រជុំកម្រិត ខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង (United Nations High-Level Meeting on TB ឬ UNHLM-TB) ឆ្នាំ២០២៣។
កិច្ចសន្ទនានា ដើម្បីពិភាក្សា និងចែករំលែកនូវបច្ចុប្បន្នភាពព័ត៌មានសំខាន់ៗ ជាមួយស្ថាប័នរដ្ឋាភិបាល ទីភ្នាក់ងារអង្គការសហប្រជាជាតិ សង្គមស៊ីវិល និងបណ្តាញអ្នករងផលប៉ះពាល់ដោយសារជំងឺរបេង (TBpeople Cambodia) ដើម្បីចូលរួមជាយុទ្ធសាស្រ្តក្នុងកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង ឆ្នាំ២០២៣។
កិច្ចសន្ទនានេះបានធ្វើឡើងដោយមានការចូលរួមពីលោកស្រី មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការ និងតំណាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល, តំណាង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, តំណាង មកពីព្រឹទ្ធសភាជាតិ រដ្ឋសភាពជាតិ ក្រសួង និងស្ថាប័នជាតិពាក់ព័ន្ធ, លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន, លោកវេជ្ជបណ្ឌិត ដេង សិរង្គា តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា, លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា និងជានាយកគ្រប់គ្រងគម្រោងខំមីត (COMMIT), តំណាងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ប្រចាំនៅកម្ពុជា។
កិច្ចសន្ទនានេះ ត្រូវបានសហការរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រួមជាមួយអង្គការសុខភាពពិភពលោកនៅកម្ពុជា និងអង្គការខាណា (KHANA) ក្រោមជំនួយគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ពីអង្គការស្តុបធីប៊ីផាតណឺស៊ីប (Stop TB Partnership) និងអង្គការបណ្តាញអាប់កាសូ (APCASO)។ កិច្ចសន្ទនានេះបានធ្វើឡើងនៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។
តាងនាមឱ្យសម្តេចវិបុលសេនាភក្តី សាយ ឈុំ, លោកស្រី មាន សំអាន បានបញ្ជាក់អំពីសារៈសំខាន់ និងភាពចាំបាច់ សម្រាប់ប្រទេសកម្ពុជារបស់យើង ដើម្បីត្រៀមខ្លួនឱ្យបានកាន់តែល្អប្រសើរ និងដំណើរការនានាបានរួចជាស្រេច សម្រាប់ការចូលរួមនៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក នាពេលខាងមុខនេះ។
ជាមួយគ្នានេះលោកស្រី មាន សំអាន បានថ្លែងថា កិច្ចសន្ទនានេះ គឺជាកិច្ចប្រជុំកម្រិតប្រទេសលើកទី៣ សម្រាប់ប្រទេសកម្ពុជា ដោយកិច្ចប្រជុំលើកទី១ ត្រូវបានរៀបចំឡើងក្នុង ខែកក្កដា ឆ្នាំ២០២២ និងលើកទី២ នៅដើមឧសភា ឆ្នាំ២០២៣ និងលើកទី៣ កំពុងតែបានរៀបចំឡើងនៅថ្ងៃនេះ។ សកម្មភាព និងគំនិតផ្តួចផ្តើមទាំងអស់នេះបានស្តែងឱ្យឃើញថាប្រទេសកម្ពុជាបានកំពុងតែយកចិត្តទុកដាក់ជាខ្លាំង សម្រាប់កិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង ជាមួយនឹងផែនទីចង្អុលផ្លូវ និងពេលវេលាជាក់លាក់ ក្នុងកិច្ចខិតខំប្រឹងប្រែងឈានទៅសម្រេចបាននៅគោលដៅ និងការប្តេជ្ញាចិត្តឈានទៅបញ្ចប់ជំងឺរបេងនាឆ្នាំ២០៣០។
លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង បានលើកឡើងថា កិច្ចសន្ទនាលើកទី៣នេះ នឹងរួមចំណែកផ្តល់អនុសាសន៍ ក៏ដូចជាធាតុចូលសំខាន់ៗនានារបស់ក្រសួងសុខាភិបាល ក្នុងដំណើរត្រៀមខ្លួន ការរៀបចំ និងឆ្លើយតបទៅនឹងការប្ញេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ព្រមជាមួយផ្តល់នូវវឌ្ឍនភាពនានា ដោយផ្អែកលលគោលដៅ និងសូចនាករដែលបានកំណត់។
សូមបញ្ជាក់ផងដែរថា គោលដៅសំខាន់ៗដែលកម្ពុជា នឹងធ្វើសេចក្តីរាយការណ៍រួមាន៖ ក្នុងនោះរួមមានលទ្ធផល ឬវឌ្ឍនភាពនៃការស្វែងរកករណីរបេងគ្រប់សណ្ឋាន របេងស៊ាំថ្នាំ របេងកុមារ ការព្យាបាលបង្ការជំងឺរបេង (TPT) តម្រូវការធនធាន និងការឆ្លើយតបជំងឺរបេងជាលក្ខណៈពហុវិស័យផងដែរ។ ជាការកត់សម្គាល់កន្លងមក ប្រទេសកម្ពុជា បានបំពេញស្ទើតែគ្រប់គោលដៅសំខាន់ៗ ជាពិសេសល្បាក់សេវារបេង រួមមានកិច្ចបង្ការ ឬការបង្ការជំងឺរបេង ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងសកម្មភាពគាំទ្រជំងឺរបេងនានាផងដែរ។
បើតាមលោកវេជ្ជបណ្ឌិត ហួត ចាន់យុដា បានថ្លែងថា កិច្ចសន្ទនាថ្ងៃនេះ ត្រូវបានផ្តួចផ្តើមគំនិត និងរៀបចំឡើង ដើម្បីអនុញ្ញាតឱ្យកម្មវិធីជាតិកំចាត់រោគរបេង ពិសេសក្រសួងសុខាភិបាលកម្ពុជា បានត្រៀមខ្លួនរួចស្រេច រួមជាមួយគណៈប្រតិភូរាជរដ្ឋាភិបាល សម្រាប់ការចូលរួម នៃមហាសន្និបាទរបស់អង្គការសហប្រជាជាតិ ហើយជាពិសេសនោះ គឺកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង ២០២៣ ដែលនឹងប្រព្រិត្តទៅនាថ្ងៃខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ៕