(ស្ទឹងត្រែង)៖ គ្រឿងញៀនជាង១៤គីឡូក្រាម ដែលកម្លាំងសមត្ថកិច្ចបង្ក្រាបបាន មកពីខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ត្រូវបានដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលរៀបចំឡើងនៅខេត្តស្ទឹងត្រែង។
ពិធីដុតបំផ្លាញគ្រឿងញៀននេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែង, លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សា, ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមានការចូលរួមរបស់ប្រតិភូមកពីខេត្តមណ្ឌលគិរី ខេត្តរតនគិរី ព្រះរាជអាជ្ញា ថ្នាក់ដឹកនាំតុលាការទាំង៣ខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ សិស្សានុសិស្ស អ្នកពាក់ព័ន្ធសរុប១២០០នាក់។
លោក នៅ យូណារិទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង បានលើកឡើងពីរបាយការណ៍ការអនុវត្តផែនការលេខ ០១ ផក ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ របស់រាជរដ្ឋាភិបាលកម្ពុជា មន្រ្តីអនុវត្តច្បាប់បានបង្រ្កាបដកហូតវត្ថុតាង និងបំផ្លាញចោលតាមអំណាចសាលក្រមស្ថាពររបស់សាលាដំបូងខេត្តទាំង០៣ មានទម្ងន់សរុប ប្រភេទមេតំហ្វេតាមីនម្សៅក្រាម ទម្ងន់ ១៤៦៥៤.២៨ក្រាម ប្រភេទមេតំហ្វេតាមីន (WY) មានទម្ងន់ ១៧.២៨ក្រាម ថ្នាំញៀនប្រភេទកេតាមីន មានទម្ងន់ ៣.៧១ក្រាម ថ្នាំញៀនប្រភេទ ស៊ិចស្តាស៊ី (MDMA) ចំនួន ០៣គ្រាប់។
ក្នុងឱកាសនោះ លោក ស្វាយ សំអ៊ាង បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ខេត្ត/ក្រុង រួមទាំងសមត្ថកិច្ចតុលាការ ដែលបានខិតខំប្រឹងប្រែងទប់ស្កាត់ បង្ក្រាបរាល់សកម្មភាពប្រព្រឹត្ត ជួញដូរ និងផលិតកើតមាននាពេលកន្លងមក និងស្នើសុំដល់គ្រប់សមាសភាពទាំងអស់ត្រូវជួយបង្កើនការងារផ្សព្វផ្សាយអប់រំផ្តល់ការយល់ដឹងពីបញ្ហាគ្រឿងញៀន ដល់ប្រជាពលរដ្ឋយុវជន ឱ្យចៀសចាកឆ្ងាយពីគ្រឿងញៀនដែលបង្កអសន្តិសុខ ព្រមទាំងបំផ្លាញយ៉ាងធន់ធ្ងរដល់សង្គមជាតិ៕