(រតនគិរី)៖ លោក ហូ វ៉ាន់នាង សមាជិកគណៈអចិន្ត្រៃយ៍មជ្ឈឹមបក្ស លេខាបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសាទរចំពោះប្រជាជនកម្ពុជា ដែលមាននាយករដ្ឋមន្ត្រីថ្មី ប្រកបដោយថាមពលក្នុងការបន្តកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។
ការសាទរនេះធ្វើឡើងនៅក្នុងឱកាសដែលលោកដឹកនាំប្រតិភូខេត្តយ៉ាឡាយ អញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក ម៉ា វិចិត្រ អភិបាលស្តីទី ខេត្តរតនគិរី នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ក្នុងសាលប្រជុំ VIP សាលាខេត្តរតនគិរី។
លោក ហូ វ៉ាន់នាង បានលើកឡើងថា ក្នុងនាមបក្ស រដ្ឋ និងប្រជាជនវៀតណាមខេត្តយ៉ាឡាយ លោកសូមចូលរួមសម្តែងការសប្បាយ រីករាយ និងអបអរសាទរចំពោះប្រជាពលរដ្ឋកម្ពុជា និយាយរួម និងនិយាយដោយឡែក ចំពោះប្រជាពលរដ្ឋខេត្តរតនគិរី ដែលមាននាយករដ្ឋមន្រ្តីថ្មីគីឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ប្រកបដោយថាមពល ក្នុងការបន្តដឹកនាំប្រទេសកម្ពុជាកាន់តែរីកចម្រើនថែមទៀត។
ជាការឆ្លើយតបលោក ម៉ា វិចិត្រ បានថ្លែងអំណរគុណចំពោះភាគីវៀតណាម ដែលបានសម្តែងនូវសមាណចិត្តចំពោះប្រជាជនកម្ពុជា លើចំណងមិត្តភាព សាមគ្គីភាពក្នុងនាមជាអ្នកជិតខាងល្អ។ លោកអភិបាលខេត្តស្តីទី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក រវាងអាជ្ញាធរខេត្តរតនគិរី និងខេត្តយ៉ាឡាយ លើវិស័យសន្តិសុខសណ្តាប់ធ្នាប់នៅតាមព្រំដែន ការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនខុសច្បាប់ ជាដើមដែលកន្លងមកភាគីទាំងពីរអនុវត្តបានយ៉ាងល្អផងដែរ៕