(ស្វាយរៀង)៖ ដោយសារតែខឹងប្រពន្ធផឹកស៊ីរាល់ថ្ងៃមិនគិតកូនចៅ បុរសជនសង្ស័យជាប្ដីបានទាញដំបងឬស្សី វាយប្រពន្ធបណ្ដាលឱ្យស្លាប់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទី ថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៣ ស្ថិតនៅភូមិគោកកណ្ដោល ឃុំក្រោលគោ ស្រុកស្វាយជ្រំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ នេត សុភ័ណ្ឌ អាយុ៤២ឆ្នាំ មុខរបរកសិករ ត្រូវជាប្ដីរស់នៅភូមិគោកកណ្ដោល ឃុំក្រោលគោ ស្រុកស្វាយជ្រំ។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះ ង៉ែត សុបិន អាយុ៥៩ឆ្នាំ មុខរបរកសិកររស់នៅភូមិឃុំកើតហេតុខាងលើ។

អ្នកភូមិបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងប្តី បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ខណៈប្ដីស្ដីបន្ទោសរឿងគិតតែផឹកស្រារាល់ថ្ងៃ រួចក្រោយមកស្រាប់តែឃើញស្ទុះយកបានដំបងឬស្សីមកវាយប្រពន្ធ ស្លាប់ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៍មកសមត្ថកិច្ចតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបានបញ្ជូនមកស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ចំណែកសពជនរងគ្រោះត្រូវបានបងប្អូនសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕