(បន្ទាយមានជ័យ)៖ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងសហការី នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ បាននាំយកថវិកាផ្ទាល់ខ្លួនរបស់​នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ​ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រគល់ជូនដល់គ្រួសារសពចំនួន២គ្រួសារ។

គ្រួសារសពទទាំងនេះរួមមានទី១៖ លោកវរសេនីយ៍ត្រី នួម ឆៃរ៉ាត់, និងទី២៖ នាយចំណង់ ប្លុង ម៉ៅ (អតីតយោធិន​នៃកងរាជអាវុធហត្ថ​ ចូលសោធននិវត្តន៍​) ក្នុងមួយគ្រួសារទទួលបានថវិកា ៥លានរៀល រួមនឹងថវិកាផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ចំនួន៥០ម៉ឺនរៀលផងដែរ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន ក៏បានចូលរួមសម្តែងនូវមរណៈទុក្ខដ៏ក្រៀមក្រំ​ចំពោះក្រុមគ្រួសារសព លោកវរសេនីយ៍ត្រី​នួម ឆៃរ៉ាត់​ និង​លោកនាយចំណង់ ប្លុង ម៉ៅ ដែលបានលាចាកឆ្ងាយពីក្រុមគ្រួសារគ្មានថ្ងៃវិលត្រឡប់ចោលប្រពន្ធ និងកូន​ បងប្អូនសាច់ញាតិទាំងក្តីអាឡោះអាល័យជាទីបំផុត។

ឧត្តម​សេនីយ៍ត្រី បោន ប៊ិន បានបន្តថា នាយឧត្តមសេនីយ៍ សៅ សុខា តែងតែគិតគូរពីសុខទុក្ខ​ជីវភាពរបស់មន្ត្រីអាវុធហត្ថក្រោមឱវាទ​ ជាពិសេសបេីទោះបីជាអាវុធហត្ថ​សោធននិវត្ត​ន៍​ ដែលទទួលមរណៈភាពក៏ដោយក៏នាយឧត្តមសេនីយ៍​ សៅ សុខា នៅតែយកចិត្តទុកដាក់ជួយជាថវិកាផ្ទាល់ខ្លួនចូលរួមបុណ្យសព​ផងដែរ។

សូមបញ្ជាក់​ផង​ដែរថា លោកវរសេនីយ៍ត្រី​ នួម ឆៃរ៉ាត់ បានទទួលមរណភាព​ កាលពីថ្ងៃទី២១​ ខែមីនា​ ឆ្នាំ២០២២,​ នាយចំណង ប្លុង ម៉ៅ បានទទួលមរណភាព នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣៕