(អាមេរិក)៖ ក្រុមហ៊ុន Apple បានចាប់ផ្ដើមបន្តវិនិយោគដើម្បីពង្រីកវិសាលភាព និងទីផ្សារបស់ខ្លួន ដោយថ្មីៗនេះ ក្រុមហ៊ុន Apple បញ្ជាក់ថា ខ្លួននឹងចំណាយលុយ ១ពាន់លានដុល្លារអាមេរិក ដើម្បីបើកមជ្ឈមណ្ឌលទិន្នន័យ ស្រាវជ្រាវ និងអភិវឌ្ឍន៍ នៅក្នុងប្រទេសវៀតណាម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី០៨ ខែសីហា។
ប្រភពព័ត៌មានជិតស្និទ្ធបានប្រាប់សារព័ត៌មាន Apple Insider ក្រុមហ៊ុន Apple បានចាប់អារម្មណ៍ខេត្ត Da Nang របស់ប្រទេសវៀតណាម ដោយក្នុងនោះ ក្រុមហ៊ុន Apple បានបញ្ជូនបុគ្គលិកជាន់ខ្ពស់របស់ខ្លួនឲ្យទៅសិក្សា និងទាក់ទងជាមួយរដ្ឋាភិបាលវៀតណាម។
គួរបញ្ជាក់ផងដែរថា កាលពីខែតុលា ឆ្នាំមុន ក្រុមហ៊ុន Apple បានបើកសាខារបស់ខ្លួននៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម និងបានបើកហាងជាច្រើនកន្លែងផង៕