(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា អមដោយសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ។

នាឱកាសនោះលោក Justin Whyatt ឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងចូលរួមអបអរសាទរយ៉ាងក្រៃលែងជូនចំពោះលោក ប៉េង ពោធិ៍នា ក្នុងឱកាសដែលទទួលបាននូវទំនុកចិត្ត ពីប្រមុខរាជរដ្ឋាភិបាល ក្នុងមុខតំណែងដ៏ឧត្តុង្គឧត្តមនេះ។

លោកឯកអគ្គរដ្ឋទូត បានបន្ថែមថា ជាមួយនឹងការរៀបចំរាជរដ្ឋាភិបាលសម្រាប់នីតិកាលថ្មី ភាគីអូស្ត្រាលីនៅតែមានគោលជំហរបន្តកិច្ចសហប្រត្តិបត្តិការល្អៗ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូនបន្ថែមទៀត ដោយផ្តោតសំខាន់លើ ការបន្តអភិវឌ្ឍលើការងារគ្រប់គ្រងទឹកកខ្វក់ វិស័យភស្តុភារកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ត្រជាក់ (Cold Chain)។

ក្នុងនាមថ្នាក់ដឹកនាំក្រសួង លោក ប៉េង ពោធិ៍នា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលអូស្ត្រាលី តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត សម្រាប់ជំនួយគាំទ្រតាំងពីដើមរៀងមក ជាពិសេសជំនួយ បច្ចេកទេសដល់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈកម្មវិធី ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (P4I) និង AustRoads។ លោកមានជំនឿយ៉ាងមុតមាំថាតាមរយៈជំនួយ និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នឹងនាំមកនូវការអភិវឌ្ឍក្នុងវិស័យនេះ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះ ៥ គឺ ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

សូមជម្រាបថា បន្ទាប់ពីជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ លោករដ្ឋមន្ត្រី ជាមួយនឹងលោកឯកអគ្គរដ្ឋទូត បានអញ្ជើញបន្តដំណើរចូលរួមជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីបទដ្ឋានឌីហ្សាញកម្រាលផ្លូវ ដែលត្រូវបានរៀបចំឡើងដើម្បីពិនិត្យមើលឡើងវិញនូវការងារដែលបានអនុវត្តកន្លងមក និងចែករំលែកបទពិសោធន៍ក្នុងការឌីហ្សាញ និងការសាងសង់ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់៕