(ភ្នំពេញ)៖ នៅវិមាន៧មករា ព្រឹកថ្ងៃទី២៩ ខែសីហា សម្តេចតេជោ ហ៊ុន សែន ប្រធានគណ​បក្សប្រជា​ជន​កម្ពុជា បានអនុញ្ញាតឱ្យលោកស្រី ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលបញ្ចប់អាណត្តិបេសកកម្ម​ការ​​ទូតនៅ​កម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា។

សម្តេចតេជោ បានសម្តែងសេចក្តីរីករាយ ដោយបានជួបលោកស្រី ម៉ារីយា ដែល ខាមែន ម៉ូរេណូ មុនពេលលោកស្រីបញ្ចប់បេសកកម្មការទូត ហើយចាកចេញពីប្រទេសកម្ពុជា ដើម្បីបន្តតំណែង​ជាឯ​កអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំប្រទេសស្រីលង្កា និងម៉ាល់ឌីវ នាពេលខាងមុខ។

សម្តេចតេជោបន្តថា លោកស្រី បានបំពេញការងារដ៏លំបាកនៅកម្ពុជា ពិសេសក្នុងដំណា​ក់​កាល នៃការចូលរួមប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩។ សម្តេចតេជោ បានសម្តែងការពេញចិត្ត ចំពោះកិច្ច​សហប្រតិបត្តិការគ្រប់បែបយ៉ាងលើការប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវ ក្នុងនោះ​សហគមន៍អឺរ៉ុប បានផ្តល់វ៉ាក់សាំងជាង ៩៣ម៉ឺនដូស រួមទាំងឥណទានជិត ៥០០លានដុល្លា ដល់កម្ពុជា ក្នុងដំណាក់​កាល នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

លោកស្រីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានជំរាបជូនសម្តេចតេជោថា ក្នុងរយៈពេល​៤ឆ្នាំ​ នៃ​ការ​បំពេញបេសកកម្មការងារនៅកម្ពុជា បើទោះបីជាមានការលំបាក ប៉ុន្តែលោកស្រី មាន​ការ​ពេញ​ចិត្ត ចំពោះកិច្ចសហប្រតិបត្តិការដែលទទួលបានពីរាជរដ្ឋាភិបាល ក៏ដូចជាគ្រប់ផ្នែកទាំងអស់ ពោលគឺកិច្ចសហប្រតិបត្តិការទាំងនោះ គឺជាទាក់ទំនងរវាងអាស៊ាន និងសហគមន៍អឺរ៉ុប។

លោកស្រី ក៏បានជំរាបជូនសម្តេចតេជោ ចំពោះជំនួបរបស់លោកស្រី ជាមួយឯកឧត្តម​កិត្តិទេ​សា​ភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានមានប្រសាសន៍បើកចំហចំពោះទំនាក់ទំនងរវាងកម្ពុជា និងសហគមន៍អឺរ៉ុបបន្តទៅទៀត។

ក្នុងកិច្ចសន្ទនានោះដែរ សម្តេចតេជោ បានរំលឹកពីការងារដែលបានធ្វើកន្លងមក ទាក់ទិនទៅ​និង​សហគមន៍អឺរ៉ុបដែលបានជួយកម្ពុជា ទី១) ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩, ទី២ ជួយកសាង​ស្ថា​នីយ៍ទឹកស្អាតនៅបាក់ខែង ដែលបានជួយដល់រាជធានីភ្នំពេញ និងខេត្តជំវិញមានទឹកស្អាត​ប្រើ​ប្រាស់​គ្រប់គ្រាន់។

សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានរំលឹកផងដែរ នូវកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប​ ដែល​កម្ពុជា​ធ្វើជាម្ចាស់ផ្ទះ តាមរយៈអនឡាញ។ សម្តេចតេជោបន្តថា ប្រសិនបើគ្មានកិច្ចសហ​ប្រតិបត្តិ​ការ​គ្នាយ៉ាងល្អប្រសើរទេ គឺពិតជាមិនអាចធ្វើឡើងប្រកបដោយរលូនភាពជោគជ័យនោះទេ ពោលសហភាពអឺរ៉ុប បានសម្របសម្រួលលើជំហនៃតំណាងរបស់សហភាពមីយ៉ាន់ម៉ា ដែលរូប​សម្តេច​បានជួប និងប្រធានសហគមន៍អឺរ៉ុបនៅគ្រប់ទីកន្លែងទាំងអស់ ដែលជំរុញឱ្យ​កិច្ចប្រជុំ​កំពូល​អាស៊ីអឺរ៉ុប បញ្ចប់ទៅប្រកបដោយភាពជោគជ័យ ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្តេចតេជោ បានស្នើឱ្យមានកិច្ចសហប្រតិបត្តិការបំពេញឱ្យគ្នាទៅវិញទៅមក រវាងអាស៊ាន និង​អឺរ៉ុប ដោយអឺរុបមានប្រទេសជាសមាជិកចំនួន២៧ និងអាស៊ាន មានប្រទេសសមាជិក១០ និង​ទីម៉រខាងកើត ដែលនឹងចូលជាសមាជិកពេញសិទ្ធនាពេលខាងមុខ និងមានប្រជាជនជាង ៦០០លាននាក់ ធ្វើឲ្យសេដ្ឋកិច្ចនិងផលប្រយោជន៍បំពេញឲ្យគ្នាទៅវិញទៅមក ជាជាងការប្រកួត​ប្រជែងលើភូមិសាស្រ្តនយោបាយ។

លោកស្រី ម៉ារីយា ដែល ខាមែន ម៉ូរេណូ មានប្រសាសន៍ថា កម្ពុជាមានបទពិសោធ​ន៍​ច្រើនក្នុង​ការផ្សះផ្សារជាតិ ខុសពីប្រទេសស្រីលង្កា ហើយក្រៅពីនោះកម្ពុជាមានបទពិសោធន៍​ច្រើន​លើ​វិស័យផ្សេងៗ ដូចជាវិស័យបោសសំអាតគ្រាប់មីន សិទ្ធិមនុស្ស ស្រ្តី។ លោកស្រីបន្តថា លោក ស្រី នឹងមានឱកាសជួបសម្តេចនៅប្រទេសស្រីលង្កានាពេលខាងមុខ។ ជាការឆ្លើយតបសម្តេច​មានប្រសាសន៍ថា សម្តេចខកខានអញ្ជើញទៅប្រទេសស្រីលង្ការយៈពេល ៤០ឆ្នាំមកហើយ ហើយកាលពី ៤០ឆ្នាំមុន ស្រីលង្កាមានការរីកចម្រើនលូតលាស់ជាងប្រទេស​កម្ពុជា​ឆ្ងាយ​ណាស់ ប៉ុន្តែស្រីលង្កាពេលនេះ បានជួបនូវវិបត្តិសេដ្ឋកិច្ច មានការដូលរលំខាងសេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ៕