(ភ្នំពេញ)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសមិនជំទាស់នឹងគម្រោងធ្វើបាតុកម្មប្រឆាំងនឹងឯកឧត្តម អំឡុងកិច្ចប្រជុំអង្គការសហប្រជាជាតិ នាខែកញ្ញា ខាងមុខនេះទេ ប៉ុន្តែក្រុមប្រឆាំងទាំងនោះ ក៏ត្រូវគោរពសិទ្ធិអ្នកដែលទៅគាំទ្រឯកឧត្តម ហើយធ្វើយ៉ាងណាកុំឱ្យមានជម្លោះខ្មែរ និងខ្មែរ នៅលើទឹកដីអាមេរិក។
ថ្លែងក្នុងឱកាសជួបកម្មករជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ ជាវេទិកាសារធារណៈលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា «សូមកុំធ្វើអ្វីដែលនាំឱ្យមានជម្លោះរវាងបងប្អូនអ្នកគាំទ្រ និងអ្នកប្រឆាំង ល្មមដល់ពេលហើយ យើងជជែកគ្នា ខុសគ្នាតែគោលនយោបាយ តែកុំទៅឈ្លោះគ្នា កុំទៅវ៉ៃគ្នានៅអាមេរិក»។
ឯកឧត្តមបានបន្តថា បងប្អូនបាតុកម្មចុះ តែសូមគោរពសិទ្ធិពលរដ្ឋ ដែលមកពីប្រទេសផ្សេងៗ ដែលទៅទទួលស្វាគមន៍ឯកឧត្តម។ ឯកឧត្តមនាយករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា គោលដៅបាតុកម្មនោះ គឺបរាជ័យបាត់ទៅហើយ ដោយសារតែទាមទារឱ្យ UN កុំុំទទួលស្គាល់ឯកឧត្តមជានាយករដ្ឋមន្រ្តី។ ឯកឧត្តម រំលឹកថា ក្នុងកម្មវិធីគេបានអញ្ជើញ និងដាក់ឈ្មោះឯកឧត្តមឱ្យឡើងថ្លែងសុន្ទរកថា នៅថ្ងៃទី២២ ខែកញ្ញាទៀតផង ហើយបន្ថែមពីនោះ ឯកឧត្តមក៏មានគម្រោងជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិថែមទៀត។
សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ នៅសហរដ្ឋអាមេរិក នៅចុងខែកញ្ញា ខាងមុខនេះ បន្ទាប់ពីទស្សនកិច្ចទៅកាន់ឥណ្ឌូនេស៊ី និងប្រទេសចិន៕