(ភ្នំពេញ)៖ ថ្លែងក្នុងវេទិកាសាធារណៈលើកទី១ បន្ទាប់ពីកាន់តំណែងជានាយករដ្ឋមន្រ្តី ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហើបពីប្រភពនៃពាក្យស្លោក «បើយើងរវល់តែឈប់ ហើយរើសដុំថ្មគប់ឆ្កែទាំងអស់ ដែលព្រុសដាក់យើង យើងមិនអាចដើរដល់គោលដៅទេ»

ពាក្យនេះត្រូវបានឯកឧត្តមលើកឡើងកន្លងមក​ប៉ុន្តែជាពាក្យស្លោករបស់ អតីតនាយករដ្ឋមន្រ្តី ក្នុងសម័យសង្គ្រាមលោកលើកទី២ គឺលោក វីនស្តុន ឆឺឈីល តែប៉ុណ្ណោះ។

ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ និយោជិត ដែលកំពុងបម្រើការងារនៅតាមបណ្តារោង ចក្រសហ គ្រាសនានាក្នុងរាជធានីភ្នំពេញសរុបជិត ២ម៉ឺននាក់ នៅ តំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០ ២៣នេះ ឯកឧត្តមបានលើកឡើងថា ឯកឧត្តមមានការស្រលាញ់នូវពាក្យស្លោកមួយរបស់ អតីតនាយករដ្ឋមន្រ្តីអង់គ្លេស ក្នុងសម័យសង្គ្រាមលោកលើកទី២ គឺលោក វីនស្តុន ឆឺឈីល ដែលគាត់មានឃ្លាមួយថា «បើយើងរវល់តែឈប់ ហើយរើសដុំថ្មគប់ឆ្កែទាំងអស់ ដែលព្រុសដាក់យើង យើងមិនអាចដើរដល់គោលដៅទេ»

ចំណុចនេះ ដែលឯកឧត្តមធ្លាប់បាននិយាយកន្លងទៅ គឺ ឯកឧត្តមបណ្ឌិត មិនបានហៅនរណាម្នាក់ជា «សត្វឆ្កែ» នោះទេ គឺនិយាយតាមពាក្យរបស់អតីតនាយករដ្ឋមន្រ្តីអង់គ្លេសប៉ុណ្ណោះ។

ឯកឧត្តមលើកឡើងថា៖ «រាល់ការវាយប្រហារមកលើខ្ញុំ ខ្ញុំមិនចាំបាច់ត្រូវឆ្លើយតបគ្រប់ពេលតេ ខ្ញុំត្រូវផ្តោតអារម្មណ៍ដើរឱ្យដល់គោលដៅ គោលដៅរបស់ខ្ញុំត្រូវបម្រើប្រជាពលរដ្ឋឱ្យបានល្អ ឱ្យប្រជាពលរដ្ឋនៅតែបន្តជឿទុកចិត្ត ទៅលើគណបក្សប្រជាជនកម្ពុជា ហើយឆ្នាំ២០២៧-២០២៨ នឹងបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ដឹកនាំបន្តទៀត»

ឯកឧត្តមបានបញ្ជាក់ទៀតថា៖ បើមួយថ្ងៃៗ មិនធ្វើអ្វីសោះគិតតែពីឆ្លើយតបអ្នករិះគន់ នឹងមិនបានលទ្ធផលអ្វីនោះទេ៕