(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើងបានធ្វើតេស្តបាញ់គ្រាប់មីស៊ីល Musudan កម្រិតមធ្យមកាលពីខែមិថុនា ដែលនាំឲ្យ អន្តរជាតិថ្កោលទោសយ៉ាងខ្លាំង ប៉ុន្តែអ្វីដែលគេទើបបានដឹងនិងគួរឲ្យភ្ញាក់ផ្អើលបំផុតនោះ គឺរដ្ឋកម្មុយនិស្តមួយនេះ បានប្រើប្រាស់ព្រលានយន្តហោះទីក្រុង Wonsan ធ្វើជាទីតាំងបាញ់គ្រាប់មីស៊ីលតែម្តង។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នាព្រឹកថ្ងៃចន្ទ ទី០៨ ខែសីហា ឆ្នាំ២០១៦។
កាលពីថ្ងៃទី២២ ខែមិថុនា កន្លងទៅនេះប្រទេសកូរ៉េខាងជើង បានធ្វើការបាញ់មីស៊ីលចេញពីព្រលានយន្តហោះ អន្តរជាតិ Kalma ក្នុងទីក្រុង Wongsan។ វែបសាយ 38 North ដែលតាមដាន និងវិភាគស្ថានការណ៍កូរ៉េខាងជើង បានធ្វើការវិភាគលើរូបភាពពីសារព័ត៌មានរដ្ឋកូរ៉េខាងជើង និង រូបភាពពីផ្កាយរណប ទើបបានដឹងថាកូរ៉េខាងជើង ពិតជាបានយកទីតាំងអាកាសយានដ្ឋានធ្វើជាកន្លែងបាញ់គ្រាប់មីស៊ីលប្រាកដមែន។
យ៉ាងណាក៏ដោយ ប្រទេសកូរ៉េខាងជើងមិនដែលប្រាប់ពីទីតាំងដែល ខ្លួនបានធ្វើតេស្តមីស៊ីលនោះឡើយ ប៉ុន្តែការវិវឌ្ឍថ្មីនេះ ធ្វើឲ្យប្រទេសក្នុងតំបន់មានការព្រួយបារម្ភចំពោះការអភិវឌ្ឍ កម្មវិធីមីស៊ីលដែលចេះតែមានអ្វីប្លែកៗ ជាដារាបរបស់រដ្ឋកុម្មុយនិស្តមួយនេះ។ កូរ៉េខាងជើង ហាក់ព្យាយាមក្នុងការផលិតជើងទម្របាញ់មីស៊ីល ដែលអាចធ្វើការចល័យយ៉ាងងាយ ដែលវាបានបង្ហាញថានៅពេលឆាប់ៗនេះនឹងអាចមានការធ្វើតេស្តបន្ថែមទៀត៕