(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសមួយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ ដោយពន្យល់សាធារណជនឱ្យបានជ្រាបច្បាស់ចំពោះអនុសាសន៍របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹង «ការសិក្សាធ្វើប័ណ្ណបើកបរទោចក្រយានយន្ត (ម៉ូតូ) ដែលមានកម្លាំងចាប់ពី «60CC»

ចេតនានៃប្រសាសន៍នេះ គឺដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ទាំងបច្ចុប្បន្ន និង អនាគត ដែលលោកបានលើកឡើង នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីប្រកាសចូលកាន់តំណែង និងបំពាក់ឋានន្តរស័ក្តិ នាយឧត្ដមសេនីយ៍ ជូន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានលើកឡើងថា ការដកស្រង់ពុំបានពេញលេញស៊ីជម្រៅ និងផ្សព្វផ្សាយអនុសាសន៍របស់ អភិសន្តិបណ្ឌិត បានធ្វើឱ្យមតិសាធារណៈមានការយល់ច្រឡំ និងសម្ដែងទស្សនៈផ្សេងៗ។

ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានពន្យល់ថា ជាស្មារតីអនុសាសន៍របស់ លោកអភិសន្តិបណ្ឌិត ទី១. លោកចង់សង្កត់ធ្ងន់ថា ជាការសិក្សាឡើងវិញនូវបទពិសោធន៍ដែលបានអនុវត្តកន្លងទៅ និងលទ្ធផលដែលទទួលបានពីការអនុវត្តនោះ។ ទី២. ការសិក្សានេះ គឺសម្រាប់អនុវត្តនាពេលអនាគត ពោលគឺ ប្រសិនការសិក្សារកឃើញថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងលើអ្នកប្រើប្រាស់ទោចក្រយានយន្ត (ម៉ូតូ) មានអត្រាច្រើនគួរកត់សម្គាល់នោះ ក្រសួងមហាផ្ទៃ នឹងលើកមូលដ្ឋាននេះ ដើម្បីស្នើពិភាក្សាជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានសមត្ថកិច្ចសម្រេចនិងធ្វើប័ណ្ណបើកបរ។ ទី៣. ជារួម ពុំមែនជាលក្ខខណ្ឌដាច់ខាត ឱ្យតែម៉ូតូមានកម្លាំងចាប់ពី «60CC» ឡើង គឺសុទ្ធតែតម្រូវឱ្យមានប័ណ្ណបើកបរនោះទេ ពោលគឺ ត្រូវពិនិត្យទៅតាមប្រភេទនៃយាននោះផងដែរ ដូចជា ប្រភេទ ក, ខ,...ជាដើម និងត្រូវគិតគូរអនុវត្តជាជំហានៗបែបណាឱ្យស្របតាមស្ថានភាពសង្គមជាក់ស្ដែង៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ៖