(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យបង្កើនអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ ហើយសរសេរសៀវភៅប្រវត្តិសាស្ត្រខ្មែរដោយជនជាតិខ្មែរ។
ថ្លែងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ពេលអញ្ជើញជួបកម្មករជិត ២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហើបថា រឿងសរសេរប្រវត្តិសាស្ត្រខ្មែរ និងតាមបែបទខ្មែរនេះ ត្រូវបានលោកពិភាក្សាជាមួយលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌រួចហើយ។
បើតាមការថ្លែងរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កន្លងមកអ្នកសរសេរប្រវត្តិសាស្ត្រខ្មែរជាជនជាតិខ្មែរ មិនសូវមានទេ។ ហេតុនេះហើយ ឯកឧត្តមបណ្ឌិត ជំរុញឲ្យបង្កើនក្រុមស្រាវជ្រាវប្រវត្តិសាស្ត្រ ផ្ទៀងផ្ទាត់មើលថា តើប្រវត្តិសាស្ត្រត្រូវបានសរសេរកន្លងមក ស្របនឹងអ្វីដែលជារបស់ខ្មែរឬទេ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានជជែកជាមួយលោកជំទាវ ភឿង សកុណា បន្តិចទៀត ត្រូវបង្កើនអ្នកប្រវត្តិសាស្ត្រ ព្រោះបើយើងមិនសរសេរប្រវត្តិសាស្ត្រ អ្នកផ្សេងគេ (ជាអ្នក) សរសេរប្រវត្តិសាស្ត្រ ប្រយ័ត្ន ១០០ឆ្នាទៀត។ គេថា អ្នកឈ្នះសរសេរប្រវត្តិសាស្ត្រ ប្រទេសមួយចំនួនសរសេរប្រវត្តិសាស្ត្រអត់ច្បាស់។ ឧទាហរណ៍យើងពីដើម អញ្ចឹងប្រទេសណាដែលសរសេរ គឺគាត់សរសេរនៅពេលគ្រប់គ្រងគេហ្នឹងឯង។ ទីបំផុតទៅ គេគិតថា អតីតកាលគឺកន្លែងហ្នឹង។ ហើយប្រវត្តិសាស្ត្រយើង បើពេលខ្ញុំនៅរៀននៅបរទេស ចង់ដឹងប្រវត្តិសាស្ត្រខ្មែរ ដល់ពេលរកទៅឃើញសរសេរដោយបារាំង ដោយគេ។ ឥលូវ សរសេរដោយគេ ខ្មែរយើងអត់សូវមានទេ។ អញ្ចឹងខ្ញុំលើកទឹកចិត្តជំរុញរឿងហ្នឹង តើវាស្របជាមួយនឹងរឿង Research (ស្រាវជ្រាវ) រក្សាអ្វីដែលជារបស់យើង (ឬអត់)។ (ត្រូវ) ស្រាវជ្រាវបន្ថែម»។
ឯកឧត្តមបណ្ឌិត បានបន្តថា ការចងក្រងប្រវត្តិសាស្ត្រខ្មែរដោយបែបបទខ្មែរ ងាយស្រួលសម្រាប់អ្នកជំនាន់ក្រោយ។ ឯកឧត្តម ក៏បានអះអាងថា ធ្លាប់ជួបការលំបាកកាលរៀននៅបរទេស ពេលចង់ដឹងពីប្រវត្តិសាស្រ្តខ្មែរ ដោយសារឯកសារជាច្រើន ត្រូវបានចងក្រងដោយបារាំង៕