(ភ្នំពេញ)៖ នៅក្នុងវេទិកាសាធារណៈលើកទី១ បន្ទាប់ពីកាន់តំណែងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា សារអបអរសាទររបស់ប្រធានគណៈកម្មការអឺរ៉ុប លោកជំទាវ អួរស៊ូឡា វ៉ុនឌែរ ឡេយែន (Ursula von der Leyen) មកកាន់ឯកឧត្តម ក្នុងឱកាសឡើងកាន់តំណែងនាយករដ្ឋមន្ត្រី គឺជាសារអបអរតំណាងឱ្យប្រទេសនៅអឺរ៉ុបទាំងមូល។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ដែលកំពុងបម្រើការងារនៅតាមបណ្តារោងចក្រ សហគ្រាសនានាក្នុងរាជធានីភ្នំពេញសរុបជិត ២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «បើសហគមន៍អន្តរជាតិ កាលពីថ្ងៃទី២៥ ខ្ញុំបានទទួលពីប្រធានគណៈកម្មការអឺរ៉ុប ហើយបើក្នុងអឺរ៉ុបគាត់ក្នុងចំណោមថ្នាក់ដឹកនាំធំ យើងមិនបាច់ចាំបានពីប្រទេសអឺរ៉ុបនោះទេ គាត់ជាតំណាងប្រទេសអឺរ៉ុបទាំងប៉ុន្មានរួចទៅហើយ ២០ប្រទេសជាងគាត់ចេញសារអបអរសាទរ បើសិនជាសមាជិកមួយៗ មិនអបអរសាទរ គាត់មិនឱ្យប្រធានគាត់ចេញសារអបអរនោះទេ»។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ចឹងអ្នកដែលថា ប្រទេសនៅអឺរ៉ុបមិនអបអរសាទរនោះ ឥលូវអាចមើលបាន ប្រធានរបស់គណៈកម្មការអឺរ៉ុបលោកជំទាវ អួរស៊ូឡា វ៉ុនឌែរ ឡេយែន (Ursula von der Leyen) ប្រធានគណៈកម្មការអឺរ៉ុប បានចេញសារអបអរសាទរហើយ ក្នុងនោះក៏មានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានចេញសារអបអរសាទរផងដែរ។
ជាមួយគ្នានោះដែរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមថា ក្រោយឃើញមានក្រុមធ្វើបាតុកម្មនៅអាមេរិក ប្រឆាំងនឹងឯកឧត្តម មិនទទួលយករដ្ឋាភិបាលថ្មីកាលពីម្សិលមិញនេះ ឥលូវនេះលោកបានសម្រេចបង្កើតក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីចំណុះខុទ្ទការល័យ ដើម្បីដោះស្រាយបញ្ហា ហើយអ្នកដែលចង់មានជម្លោះជាមួយនាយករដ្ឋមន្ត្រី អាចធ្វើការដោះស្រាយជាមួយក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីចំណុះខុទ្ទការល័យនេះបាន៕