(ភ្នំពេញ)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មី បន្តឈរលើគោលដៅថែរក្សាឱ្យបានដាច់ខាតនូវសមិទ្ធផលចាស់ ដោយធានារក្សាឱ្យបាននូវសុខសន្តិភាព ការអភិវឌ្ឍន៍ និងឯកភាពទឹកដី។ គោលនយោបាយរបស់គណប្រជាជនកម្ពុជា មិនមែនកសាងដោយឆក់កណ្តៀត ឬដោយអារម្មណ៍នោះទេ តែជាគោលនយោបាយមានគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ និងមានចក្ខុវិស័យវែងឆ្ងាយសម្រាប់កម្ពុជា។
ការថ្លែងបែបនេះរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានអញ្ជើញចុះជួបកម្មករជិត ២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាវេទិកាសារធារណៈលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបានប្តេជ្ញាប្រឹងប្រែងរក្សាសមិទ្ធផលដែលអ្នកចាស់បន្សល់ទុក ហើយបន្តប្រឹងប្រែងបង្កើតសមិទ្ធផលថ្មីជាបន្តបន្ទាប់ទៀត។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺនៅបន្តលើគោលដៅ២ គោលដៅទី១ ថែរក្សាឱ្យបានដាច់ខាតនូវសមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសសម្រេចបានក្នុង៤៤ឆ្នាំមកនេះ ដែលរួមមានកត្តាសំខាន់បំផុតការថែរក្សាសុខសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍជូនប្រជាពលរដ្ឋ និងការឯកភាពជាតិ ទឹកដី ត្រូវដាច់ខាតត្រូវតែរក្សាឱ្យបាន»។
ជាមួយគ្នានេះដែរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សន្តិភាពវាសំខាន់ ៤០ឆ្នាំមុន សន្តិភាពសំខាន់ ២០ឆ្នាំមុន សន្តិភាពក៏នៅសំខាន់ថ្ងៃនេះ សន្តិភាពក៏នៅសំខាន់១០០ឆ្នាំបន្តទៅទៀតសម្រាប់កម្ពុជា។ ត្រង់ចំណុនេះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ចោទជាសំណួរថា «ពេលណាយើងបាត់សន្តិភាពកុំនិយាយថាបង្កើតការងារនោះ ស្ថិរភាពវាត្រូវតែសំខាន់ អ៊ឹចឹងយើងត្រូវតែថែរក្សាឱ្យបាន»។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា នៅមុនពេលបោះឆ្នោតបែបណា នៅក្រោយពេលបោះឆ្នោត គឺអនុវត្តន៍បែបនោះ មិនមានប្រែប្រួលនោះឡើយ។ ប៉ុន្តែ គ្រាន់ពង្រីកបន្ថែមស្របតាមគោលនយោបាយដែលមានពីមុន ហើយគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលបានសន្យាជាមួយប្រជាពលរដ្ឋ ពេលមុនបោះឆ្នោត គឺត្រូវចេញជាផែនការសកម្មភាពដើម្បីអនុវត្តន៍ ហើយគោលនយោនបាយរបស់គណបក្សប្រជាជនកម្ពុជា មិនមែនសន្យាខ្យល់នោះទេ។
«យើងសន្យាគោលនយោបាយបែបណា ក្រោយបោះឆ្នោតយើងត្រូវដាក់ចេញគោលនយោបាយបែបនោះ ហើយគោលនយោបាយដែលរាជរដ្ឋាភិបាល ដាក់ចេញគឺគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលបានអនុម័តដោយអង្គសន្និបាត គឺដើម្បីបន្តនិរន្តរភាពរបស់យើង គោលនយោបាយរបស់គណប្រជាជនកម្ពុជា មិនមែនកសាងឆក់កណ្តៀត ឬដោយអារម្មណ៍នោះទេ»។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។
ទន្ទឹមនឹងនោះដែរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្រាប់អ្នកនយោបាយ និងអ្នកវិភាគខ្លះ គឺបានដាក់ចេញគោលយោបាយជាច្រើនគ្មានអ្វីច្បាស់លាស់ និយាយតាមអារម្មណ៍។ ការដឹកនាំប្រទេសមិនអាចចេះតែម្តងធ្វើនេះ ម្តងធ្វើនោះទេ គឺអាចនាំឱ្យប្រទេសជាតិជួបគ្រោះភ័យ ហើយការដឹកនាំប្រទេស ត្រូវការពេលវេលាដើម្បីអនុវត្តន៍ ចេញជាផ្លែផ្កា ដូច្នេះ ត្រូវការស្ថិរភាព លំនឹងគោលនយោបាយ។ គណបក្សប្រជាជនកម្ពុជា ដាក់ចេញគោលនយោបាយមួយគិតគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ មានចក្ខុវិស័យវែងឆ្ងាយ មានផែនការសកម្មភាពវែងឆ្ងាយ រយៈពេលវែង ហើយមានផែនការសកម្មភាពដោះស្រាយ ដោយដាក់ចេញវិធានការក្នុងរយៈពេលចំពោះមុខ រយៈពេលខ្លី រយៈពេលមធ្យម រយៈពេលវែង ដើម្បីធានានូវនិរន្តរភាពប្រជាពលរដ្ឋ។
បន្ថែមពីនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា មិនមែនធ្វើឡើងតាមការនឹកឃើញដោយបុគ្គលម្នាក់ ឬ២នាក់ វិភាគ ឬឃើញនោះទេ គឺធ្វើឡើងដោយក្រុមអ្នកជំនាញមានបទពិសោធន៍ មានការសិក្សាច្បាស់លាស់៕