(ភ្នំពេញ)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កាលជាង៤០ឆ្នាំមុន ឬ២០ឆ្នាំមុន សន្តិភាពពិតជាមានភាពសំខាន់ណាស់ប្រជាជនកម្ពុជា ហើយតទៅមុខ សន្តិភាពក៏នៅតែសំខាន់ដដែលសម្រាប់ប្រទេសកម្ពុជា ព្រោះសន្តិភាពជួយបង្កើតឱកាសការងារនិងអាជីពជូនប្រជាជន។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងយ៉ាងដូច្នេះក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសនៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តមបណ្ឌិតបានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ គឺមានគោលដៅបន្តថែរក្សាឱ្យបាននូវសមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានក្នុងរយៈពេល៤៤ឆ្នាំមកនេះ គឺរួមមាន ការថែរក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍជូនប្រជាពលរដ្ឋ និងការឯកភាពជាតិ ទឹកដី។

ឯកឧត្តមនាយករដ្ឋមន្ត្រីបានបន្តថា «ការនិយាយម្ដងហើយម្ដងទៀតនេះ គឺជារឿងសំខាន់ដែលត្រូវតែនិយាយ សន្តិភាពគឺពិតជាសំខាន់កាលពី៤០ឆ្នាំមុន សន្តិភាពនៅតែសំខាន់កាលពី២០ឆ្នាំមុន ហើយក៏នៅតែសំខាន់ក្នុងពេលបច្ចុប្បន្ននេះ និងនៅតែសំខាន់សម្រាប់កម្ពុជាក្នុងពេលតទៅមុខទៀត បើគ្មានសន្តិភាព កុំនិយាយអំពីការបង្កើតការងារនោះ ដូច្នេះត្រូវតែថែរក្សាឱ្យបាន»

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តទៀតថា ហេតុអ្វីបានជាយើងនៅបន្តថែរក្សាសមិទ្ធផលនេះ ហើយដាក់ចេញនូវគោលនយោបាយដើម្បីពង្រីកបន្ថែមស្របតាមគោលនយោបាយដែលយើងមានពីមុនមក? ពីព្រោះគោលនយោបាយដែលបានសន្យាជាមួយប្រជាជនកាលពីមុនពេលបោះឆ្នោតនោះ គឺត្រូវដាក់ចេញជាផែនការសកម្មភាព ហើយគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលសម្រេចដោយអង្គមហាសន្និបាតគណបក្ស ដើម្បីបន្តនិរន្តរភាព៕