(ភ្នំពេញ)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដ៏មានប្រជាប្រិយភាពរបស់កម្ពុជា បាននាំយកនូវពាក្យពេចន៍ផ្តាំផ្ញើរបស់សម្តេចតេជោ ជូនដល់កម្មករ កម្មការិនី ព្រមទាំងបានគូសរំលេចពីវីរភាព និងគុណបំណាច់របស់សម្តេចតេជោ ដែលខិតខំដឹកនាំឲ្យកម្ពុជា ឆ្ពោះមកកាន់ដំណាក់កាលសុខសាន្ត និងរីកចម្រើន។
ការនាំយកនូវពាក្យពេចន៍ផ្តាំផ្ញើរបស់សម្តេចតេជោបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចុះជួបកម្មករជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាវេទិកាសារធារណៈលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដែលលោកបានដឹកនាំប្រទេស ក្នុងរយៈពេលជាង៣ទស្សវត្ស៍រ កសាងប្រទេសតាំងពីបាត់ដៃទទេរ បែកបាក់រហូតដល់មានសុខសន្ដិភាព ស្ថេរភាព និងការអភិវឌ្ឍន៍»។
ទន្ទឹមគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា លទ្ធផល ដែលបងប្អូនកម្មករ-កម្មការិនី អង្គុយនៅទីនេះ ១ម៉ឺន៨ពាន់នាក់ មានអាជីពច្បាស់លាស់ មានការថែទាំ មានបៀវត្សន៍ ហើយអ្នកជាច្រើន ដែលរំពឹងលើបងប្អូន ដូចជាកូន ដូចជាឪពុកម្ដាយ ដែលយើងអាចជួយបន្ទុក ក៏ជាលទ្ធផលការងារ ដែលសម្ដេចតេជោ និងថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលអាណត្ដិមុនៗ បានដឹកនាំ។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសម្ដែងនូវការដឹងគុណ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំប្រទេស មកដល់ពេលនេះ និងសូមអរគុណ ដល់ថ្នាក់ដឹកនាំក្រសួងការងារ ដែលបានដឹកនាំ នាពេលកន្លងមកផងដែរ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា សមទ្ធិផលដែលបានថ្ងៃនេះ មិនមែនកើតមកមួយថ្ងៃនោះទេ សមទ្ធិផលដែលបានមកនេះ គឺបានបន្ដបន្ទាប់ជាង៤០ឆ្នាំមុនមកម្ល៉េះ ដែលវាផ្ដើមចេញពីការបែកបាក់គ្នា ពីការបញ្ចប់សង្គ្រាមមួយដែលលំបាក ពីការរំដោះប្រជាពលរដ្ឋពីរណ្ដៅជ្រោះមរណៈ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្ដិថ្មី ដែលមានថ្នាក់ដឹកនាំថ្មីជាច្រើន នឹងរួមគ្នាបន្ដថែរក្សានូវសមទ្ធិផល ដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដឹកនាំ៤០ឆ្នាំនេះ បានបន្សល់ទុក និងបានខិតខំ ដើម្បីពង្រីកបន្ថែមទៀត៕