(ភ្នំពេញ)៖ ជាវេទិកាសាធារណៈលើកទី១ បន្ទាប់ពីកាន់តំណែងជានាយករដ្ឋមន្រ្តី ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានប្រកាសទទួលយករាល់មតិរិះគន់ដើម្បីស្ថាបនាបម្រើផលប្រយោជន៍ជាតិ ប៉ុន្តែនឹងមិនគាំទ្រការវាយប្រហារណាមួយដើម្បីជាន់ពន្លិចនោះទេ។

ឯកឧត្តមនាយករដ្ឋមន្រ្តីវ័យ៤៥ឆ្នាំរបស់កម្ពុជា បានថ្លែងបែបនេះ ខណៈឯកឧត្តមចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ដែលកំពុងបម្រើការងារនៅតាមបណ្តារោង ចក្រសហ គ្រាសនានាក្នុងរាជធានីភ្នំពេញសរុបជិត ២ម៉ឺននាក់ នៅ តំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០ ២៣នេះ។

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ដូច្នេះថា៖ «ខ្ញុំធ្វើ ខ្ញុំទទួលខុសត្រូវ ការរិះគន់ដើម្បីស្ថាបនាគ្រប់ទាំងអស់ខ្ញុំទទួល តែការវាយប្រហារបង្កើតរឿង ប្រឌិតរឿង អត់ប្រយោជន៍ ខ្ញុំនឹងមិនឆ្លើយតបនាំខាតពេលខ្ញុំ»

ជាមួយនឹងការបញ្ជាក់នេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ក៏បានបង្ហើបអំពីការណែនាំជូនដល់ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្រ្តីផងដែរ ដោយបញ្ជាក់ថា «អ្នកនាំពាក្យមិនមែនឆ្លើយតបគ្រប់តែរឿងនោះទេ»

ទោះជាយ៉ាងណា ឯកឧត្តមក៏បានកោតសរសើរដល់ លោក មាស សុភ័ណ្ឌ ផងដែរថា ជាបុគ្គលដែលមានសមត្ថភាព និងមានចរិតស្លូតបូត ដែលអាណត្តិមុន លោកក៏ជាអ្នកនាំពាក្យរបស់ក្រសួងព័ត៌មានផងដែរ៕