(ភ្នំពេញ)៖ សំណុំរឿងមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក៤រូប និងអគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប ត្រូវបានសភាស៊ើបសួរសាលាឧទ្ធរណ៍ បើកសវនាការនៅព្រឹកថ្ងៃទី៨ ខែសីហានេះ។
មន្ត្រីសមាគមអាដហុក៤រូប មិនមានវត្តមាននៅសាលាឧទ្ធរណ៍នោះទេ តែលោក នី ចរិយា ត្រូវបាននាំខ្លួនមកចូលរួមសវនាការ។
លោកមេធាវី សំ សុគង់ ធ្លាប់បានបញ្ជាក់ថា កម្មវត្ថុសំខាន់នាសវនាការនោះ គឺបណ្តឹងសុំមោឃភាពនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ។
លោកមេធាវីថ្លែងថា ការដាក់ពាក្យបណ្តឹងសុំមោឃភាពនីតិវិធីនេះ គឺដោយសារតែសមត្ថកិច្ច និងសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតួនាទីរបស់ខ្លួន ទៅលើមន្ត្រីអាដហុក និងមន្ត្រីគជប មិនសមស្របនឹងផ្លូវច្បាប់។ ដូច្នេះក្រុមមេធាវី ស្នើឲ្យសាលាឧទ្ធរណ៍ ច្រានចោល នីតិវិធីទាំងនេះ។
មន្ត្រីអាដហុក៤រូបនិងមន្ត្រីគជប ជាប់ចោទពីបទសូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ដល់អ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដើម្បីកុំឲ្យអ្នកនាងនិយាយការពិតប្រាប់សមត្ថកិច្ច ចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា។
ក្រុមជនត្រូវចោទទាំង៥នាក់ ត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត៕