(កាប៊ុល)៖ សាស្ត្រាចារ្យពីររូបរបស់សាកលវិទ្យាល័យអាមេរិកនៃអាហ្វហ្គានីស្ថាន (AUA) ត្រូវបានចាប់ជំរិតនៅក្នុងទីក្រុងកាប៊ុល នាថ្ងៃអាទិត្យម្សិលមិញនេះ ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មានសេចក្ដីរាយការណ៍លម្អិតទាក់ទងនឹងករណីចាប់ជំរិតនេះឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦។
យោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា សាស្ត្រាចារ្យទាំងពីររូបនោះ មានជនជាតិអាមេរិក និងអូស្ត្រាលី ត្រូវបានក្រុមជាប់ជំរិតភ្ជុងកាំភ្លើង នៅខាងក្រៅសកលវិទ្យាល័យ នៅថ្ងៃអាទិត្យម្សិលមិញនេះ ប៉ុន្តែពុំមានបានព័ត៌មានលម្អិតឡើយ ដោយមេប៉ូលិសប្រចាំទីក្រុងកាប៊ុល លោក Abdel Rahman Rahimi បានបញ្ជាក់ឲ្យដឹងជាផ្លូវការថា ពិតជាមានករណីចាប់ជំរិតខាងលើនេះមែន។
កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ក្រុមឧទ្ទាមតាលីបង់ បានចេញមុខប្រកាសទទួលស្គាល់ថា ខ្លួនជាអ្នកវាយប្រហារទៅលើភ្ញៀវទេសចរណ៍បរទេសនៅភាគខាងលិចនៃប្រទេសអាហ្វហ្គានីស្ថាន៕