(កំពង់ធំ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ បានចុះសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលមកទទួលសេវាសុខាភិបាល នៅមណ្ឌលសុខភាពប្រឡាយ មន្ទីរពេទ្យខេត្តកំពង់ធំ និងមន្ទីរពេទ្យបង្អែកបារាយ និងសន្ទុក ក្នុងខេត្តកំពង់ធំ។
ក្នុងឳកាសនោះ លោកសាស្ត្រាចារ្យ ឈាង រ៉ា ក៏បានពិនិត្យមើលនូវស្ថានភាពរបស់អ្នកជំងឺដោយផ្ទាល់ និងផ្តល់ការណែនាំដល់អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ពីការថែទាំសុខភាព និងការបង្ការ ទប់ស្កាត់ និងការពារពីជំងឺឆ្លង និងមិនឆ្លងផងដែរ។
ទន្ទឹមនឹងនោះ លោកសាស្ត្រាចារ្យ ក៏បានបង្ហាញពីវិធីសាស្ត្រមើលថែ និងព្យាបាលអ្នកជំងឺ ជាពិសេសរបៀបសង្គ្រោះបន្ទាន់ប្រកបដោយគុណភាព និងប្រសិទ្ធភាពដល់ក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យខេត្ត។
ជុំវិញនឹងការចុះសួរសុខទុក្ខនេះ ប្រជាពលរដ្ឋដែលបានមកទទួលការព្យាបាលជំងឺ បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះការយកចិត្តដាក់របស់លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល។
លើសពីនោះប្រជាពលរដ្ឋ បានសម្តែងការសប្បាយចិត្តយ៉ាងខ្លាំងពេលទទួលបានដំណឹងថា រដ្ឋមន្ត្រីសុខាភិបាលក្នុងអណត្តិទី៧នេះ នឹងខិតខំជំរុញធ្វើយ៉ាងណាឲ្យវិស័យសុខាភិបាល មានការរីកចម្រើនទាំងហេដ្ឋានរចនាសម្ព័ន្ធ សម្ភារៈបរិក្ខារពេទ្យ ជាពិសេសពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការព្យាបាលជំងឺកាន់តែប្រសើរ ។
ក្នុងនោះលោករដ្ឋមន្ត្រី ឈាង រ៉ា ក៏បានគូសបញ្ជាក់ថា នឹងពង្រឹងវិស័យសុខាភិបាលនៅក្នុងមូលដ្ឋាន ឲ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការពិនិត្យព្យាបាល។ បើករណីអ្នកជំងឺមកក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង មណ្ឌលសុខភាពយើងត្រូវមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីសង្គ្រោះបឋមឲ្យទាន់ពេលវេលា និងប្រកបដោយសុវត្ថិភាព មុនបញ្ជូនទៅទីតាំងមួយទៀត។
ប៉ុន្តែនៅក្នុងកម្រិតមន្ទីរពេទ្យបង្អែក និងថ្នាក់ខេត្ត គឺពង្រឹងសមត្ថភាពក្នុងការជួយសង្គ្រោះឲ្យបានខ្លាំង ដើម្បីកាត់បន្ថយពីការបញ្ជូនអ្នកជំងឺពីខេត្តឆ្ងាយមករាជធានីភ្នំពេញ។
សូមជម្រាបថា បន្ទាប់ពីបានចូលកាន់តំណែងជារដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងអាណត្ដិទី៧ លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានដឹកនាំគណៈប្រតិភូសុខាភិបាល ចុះពិនិត្យស្ថានភាពមូលដ្ឋានសុខាភិបាល នៅតាមបណ្ដាខេត្ដនៅជុំវិញបឹងទន្លេសាប ចាប់ពីថ្ងៃទី២៥-២៨ ខែសីហា ឆ្នាំ២០២៣នេះ ដោយបានចុះទៅដល់មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យខេត្ត ក្នុងខេត្តចំនួន ៦ រួមមាន៖ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ ។
ឱកាសចុះបេសកកម្មដំបូងនេះ លោករដ្ឋមន្ត្រីក៏បានសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល ដោយបានលើយកនូវយុទ្ធសាស្ត្រ ក្នុងការផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងនោះរួមមាន៖
១៖ បង្កើនសកម្មភាពអប់រំសុខភាពជូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សុខភាពជូនប្រជាជនឱ្យកាន់តែប្រសើរឡើង។
២៖ បន្តប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ដែលក្នុងនោះត្រូវលុបបំបាត់ជំងឺគ្រុនចាញ់នាឆ្នាំ២០២៥ ជំងឺរបេងនាឆ្នាំ២០៣០ និងជំងឺអេដស៍ (៩៥ ៩៥ ៩៥) នាឆ្នាំ២០២៥។
៣៖ ទប់ស្កាត់នឹងការរីករាលដាលជំងឺឆ្លងជាសាកលដែលកើតមាន។
៤៖ ប្រយុទ្ធនឹងជំងឺមិនឆ្លង ដូចជាជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺបេះដូង។ល។
៥៖ ប្រយុទ្ធនឹងផលប៉ះពាល់ដល់សុខភាពបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។
៦៖ ធ្វើឱ្យកាន់តែប្រសើរឡើងការពិនិត្យព្យាបាលទូលំទូលាយនៅក្នុងសហគមន៍ ក៏ដូចជាធ្វើឱ្យកាន់តែប្រសើរឡើងកម្មវិធីគាំពារសង្គម ដូចជាប.ស.ស មូលនិធិសមធម៌។
៧៖ លើកកម្ពស់គុណភាពថែទាំ ទាំងសេវាសាធារណៈ និងឯកជន។
៨៖ អភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាលទូទាំងប្រទេស ដើម្បីបញ្ជូនអ្នកជំនាញឱ្យដល់មូលដ្ឋាន ពោលគឺបង្ខិតសេវាឱ្យកាន់តែគៀកប្រជាពលរដ្ឋ។
៩៖ អភិវឌ្ឍន៍សុខភាពឌីជីថល។
លោករដ្ឋមន្ដ្រីបានបន្ដទៀតថា អាទិភាពមួយក្នុងចំណោមអាទិភាពទាំងឡាយសម្រាប់អណត្តិទី៧នេះ គឺសេវាថែទាំដែលនឹងត្រូវធ្វើឱ្យកាន់តែប្រសើរថែមទៀត ដោយនៅចំពោះមុខនេះ ក្រសួងនឹងអនុវត្តផែនការសកម្មភាពចំនួន៣ រួមមាន៖
*ពង្រឹងមណ្ឌលសុខភាព ដោយកែលម្អអគារ បំពាក់សម្ភារៈបរិក្ខារបន្ថែម រួមទាំងការផ្គត់ផ្គង់ឱសថ ពង្រឹងសមត្ថភាព បុគ្គលិក ដើម្បីធានាការផ្តល់សេវា២៤ម៉ោង
*ពង្រឹងគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌ នៃសេវាទាំងនៅមន្ទីរពេទ្យបង្អែកស្រុក ខេត្ត និងមន្ទីរពេទ្យជាតិ ព្រមទាំងនិយ័តកម្មសេវាឯកជនឱ្យកាន់តែប្រសើរឡើង និងត្រូវយកសេវាឯកជនជាដៃគូនឹងសេវាសាធារណៈ។
*ពង្រឹងស្ថាប័នតាមរយៈការបណ្តុះបណ្តាលជាបន្តបន្ទាប់លើភាពជាអ្នកដឹកនាំ ជំនាញដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។
ដើម្បីសម្រេចបាននូវការប្តេជ្ញាចិត្តខាងលើ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានស្នើឱ្យថ្នាក់ដឹកនាំ មន្រ្ដី បុគ្គលិក ត្រូវមានស្មារតីរួបរួមសាមគ្គី, ត្រូវបំពេញភារកិច្ចប្រកបដោយស្មារតីវិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណភាពសេវា, បញ្ជូនអ្នកជំងឺឱ្យបានរហ័ស ទាន់ពេលវេលា និងសមរម្យ, ត្រូវស្វែងយល់ពីបញ្ហាប្រឈម និងដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា និងសមស្រប, ត្រូវទទួលខុសត្រូវចំពោះភារៈកិច្ច និងកាតព្វកិច្ចរបស់ខ្លួន, ត្រូវគោរពការសម្ងាត់វិជ្ជាជីវៈ, ត្រូវគោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ, ត្រូវគិតផលប្រយោជន៍រួម និងត្រូវគោរពឋានានុក្រមការងារ៕