(ព្រះវិហារ)៖ ខែសីហា ឆ្នាំ២០២៣នេះ ជារយៈពេលមួយឆ្នាំ ដែលលោក គីម រិទ្ធី ទទួលបានទំនុកចិត្តពីរាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន ឱ្យកាន់តួនាទីជាអភិបាលខេត្តព្រះវិហារ។
ក្នុងនាមជាអ្នកបម្រើដ៏ស្មោះត្រង់មួយរូបតាមអនុសាសន៍របស់សម្តេចតេជោនោះ លោក គីម រិទ្ធី បានប្រឹងប្រែងអស់កម្លាំងកាយចិត្ត ដោយមិនក្លាយការនឿយហត់នោះឡើយ ក្នុងការបម្រើប្រជាពលរដ្ឋអ្នកខេត្តព្រះវិហារ ដោយបានដោះស្រាយបញ្ហាប្រឈមទាំងឡាយរបស់ប្រជាពលរដ្ឋ ជំរុញការផ្តល់សេវា ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន ដែលជាតម្រូវការចាំបាច់សម្រាប់ពលរដ្ឋប្រើប្រាស់។ រយៈពេលមួយឆ្នាំនេះ លោក គីម រិទ្ធី តែងតែផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារជាប់ជានិច្ច។
ខួបមួយឆ្នាំនៃការបំពេញតួនាទីជាអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានបង្ហាញការប្តេជ្ញាចិត្ត បន្តប្រឹងប្រែងបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ លោកអភិបាល បានថ្លែងបញ្ជាក់បែបនេះ «ក្នុងឱកាសខួប១ឆ្នាំ ជាអភិបាលខេត្តព្រះវិហារ ខ្ញុំបាទ និងសហការី បានបំពេញការងារយ៉ាងច្រើន ក្នុងការផ្តល់សេវា ជូនប្រជាពលរដ្ឋ ជាពិសេសការដោះស្រាយបញ្ហាប្រឈមនានាចំពោះមុខ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់សេចក្តីទុកចិត្តដល់ខ្ញុំបាទ»។
លោក គីម រិទ្ធី បានគូសបញ្ជាក់ថា នៅមានការងារជាច្រើនបន្តទៀត ដែលទាមទារឱ្យលោកយកចិត្តទុកដាក់បំពេញ ដើម្បីឱ្យខេត្តព្រះវិហារមានការរីកចម្រើនលូតលាស់បន្ថែមទៀត។
«ក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ខ្ញុំបាទនិងសហការី ប្តេជ្ញាអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធ សាស្ត្របញ្ចកោណ ឱ្យបានល្អប្រសើរ ព្រមទាំងបម្រើប្រជាជនខេត្តព្រះវិហារដោយស្មោះត្រង់ និងអស់ពីសមត្ថភាព»។ លោក គីម រិទ្ធី បញ្ជាក់។
ក្នុងឱកាសខួបមួយឆ្នាំនៃការកាន់តួនាទីជាអភិបាលខេត្តព្រះវិហារនេះ លោក គីម រិទ្ធី បានថ្លែងអំណរគុណដល់មន្ត្រីរាជការក្នុងខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានផ្តល់ការគាំទ្រ ផ្តល់កិច្ចសហការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើប្រជាពលរដ្ឋ រក្សាសន្តិសុខសណ្តាប់ធ្នាប់នានាក្នុងខេត្ត ហើយធ្វើឱ្យខេត្តសម្រេចបានសមិទ្ធផលគាប់ចិត្តជាច្រើន។
លោកអភិបាលខេត្ត ក៏ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះវិហារ ដែលបានផ្តល់ទំនុកចិត្ត និងជឿទុកចិត្តចំពោះរូបលោក ក៏ដូចជាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ៕