(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទខំប្រឹងបំពេញការងារឱ្យបានលទ្ធផលល្អបន្ថែមទៀតជូនរាជរដ្ឋាភិបាល នីតិកាលថ្មីទី៧ ពិសេសដើម្បីចូលរួមចំណែកជំរុញចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។
ការណែនាំលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្ដីរាជការនៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។
បន្ទាប់ពីបានស្ដាប់របាយការណ៍វឌ្ឍនភាពនៃការអនុវត្តសកម្មភាពវិស័យផ្គត់ផ្គង់ទឹកស្អាត ដោយលោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងលោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទរួចមក លោករដ្ឋមន្រ្ដីបានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមក។
ទន្ទឹមគ្នានោះ លោករដ្ឋមន្រ្ដីបានផ្ដល់នូវអនុសាសន៍ណែនាំមួយចំនួន ក្នុងនោះលោករដ្ឋមន្ត្រីបានស្នើឱ្យមន្ត្រីគ្រប់ជាន់ថ្នាក់ក្នុងនាយកដ្ឋាន ត្រូវគោរពវិន័យ គោរពការចាត់តាំង គោរពក្រមសីលធម៌ គោរពវិន័យរបបប្រជុំ (ប្រជុំប្រចាំខែ ប្រចាំត្រីមាស) និងប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនឱ្យកានតែប្រសើរ។ ម្យ៉ាងទៀតក្រសួងអភិវឌ្ឍន៍ជនបទនឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់ខ្លួនសម្រាប់ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ។
លោករដ្ឋមន្រ្តីបានស្នើឱ្យមន្ត្រីដែលបម្រើការក្នុងនាយកដ្ឋានទាំងពីរ ត្រូវមានគោលការណ៍សមូហភាពជាធំ និងគោរពតាមឋានានុក្រម។ បន្តជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមូលដ្ឋានអំពីសមិទ្ធផលការងាររបស់ក្រសួង និងរាជរដ្ឋាភិបាល ត្រូវជំរុញការងារនាំពាក្យ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយផងដែរ។
លើសពីនេះ លោករដ្ឋមន្រ្ដីបានលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទពង្រឹងសាមគ្គីភាពផ្ទៃក្នុងនាយកដ្ឋាន ខំប្រឹងបំពេញការងារឱ្យបានលទ្ធផលល្អបន្ថែមទៀតជូនរាជរដ្ឋាភិបាល នីតិកាលថ្មីទី៧ ដើម្បីចូលរួមចំណែកជំរុញចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់៕