(ភ្នំពេញ)៖ លោក ថោង សារ៉ាត់ អតីតមានងារជាឧកញ៉ា និងជាថៅកែបុរី៩៩៩ ពុំបានបង្ហាញខ្លួននៅតុលាការកំពូល នាព្រឹកថ្ងៃទី៨ ខែសីហានេះទេ។ ប៉ុន្ដែឪពុកម្ដាយរបស់លោក ថោង សារ៉ាត់ បានចូលខ្លួនមកកាន់តុលាការ។
តុលាការកំពូល នៅព្រឹកនេះ បើកសវនាការជំនុំជម្រះ ក្រុមគ្រួសារលោក ថោង សារ៉ាត់ រួមមាន៖ ម្តាយ ឪពុក និង លោក ថោង សារ៉ាត់ ពីបទរក្សាទុកអាវុធខុសច្បាប់ចំនួន១១ដើម ។
យោងតាមដីកាបង្គាប់ឲ្យយកខ្លួនរបស់តុលាការកំពូល បង្ហាញថា សវនាការនេះដឹកនាំដោយលោក ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ឌុច គឹមសន ព្រះរាជអាជ្ញាអមតុលាការកំពូល ជាតំណាងមហាអយ្យការ ។
ជនជាប់ចោទក្នុងសំណុំរឿងនេះ រួមមានលោក ថោង សារ៉ាត់ ហៅជិន អាយុ៣៨ឆ្នាំ អតីតមានងារជាឧកញ៉ា និងជាម្ចាស់បុរី៩៩៩ ឪពុកឈ្មោះ ថោង ចំរើន ហៅ តាំង ចំរើន អាយុ៦៣ឆ្នាំ និងម្តាយឈ្មោះ កែវ សារី អាយុ៥៥ឆ្នាំ។
គួររំលឹកថា លោក ថោង សារ៉ាត់ ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ និងឪពុកម្ដាយ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទកាន់កាប់ឬដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត ចំនួន១១ដើម ប្រព្រឹត្តកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចផ្ទះលេខ៩២១ ផ្លូវលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ តាមមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌ៕