(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ស្អែកនេះ នឹងអញ្ជើញជាអធិបតីភាពប្រកាសចូលកាន់តំណែង លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ពិធីនេះ ក៏មានការចូលរួមពី លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ នាយនគរបាលពាក់ព័ន្ធ ស្នងការរងរាជធានីភ្នំពេញ នាយការិយាល័យ អធិការខណ្ឌទាំង១៤ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣កន្លងទៅ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានតែងតាំងលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ជាអគ្គស្នងការរងនគរបាលជាតិ។ រំលងបានមួយថ្ងៃ ពោលនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសប្រគល់ភារកិច្ចជូន លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ជាស្នងការនគរបាលរាជធានីភ្នំពេញ។

គួរជម្រាបថា មុនត្រូវបានផ្ទេរភារកិច្ចទៅកាន់ជាស្នងការនគរបាលខេត្តព្រះសីហនុ នៅឆ្នាំ២០១៥ លោកបានមុខតំណែងជា ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនព្រហ្មទណ្ឌ។ ក្នុងមុខតំណែងជាស្នងការខេត្តព្រះសីហនុ រយៈពេល៨ឆ្នាំមកនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានកសាងជាច្រើនគួរឲ្យកត់សម្គាល់ ពិសេសគឺចូលរួមថែរក្សាការពារ សន្ដិភាព សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ពិសេសចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា បានយ៉ាងល្អប្រសើរ។

គេនៅចាំបានថា ក្នុងអំឡុងពេលខេត្តព្រះសីហនុ កំពុងទទួលបាននូវការវិនិយោគយ៉ាងគំហុកកាលពីមុនដំណាក់កាលកូវីដ១៩ មានបញ្ហាអសន្ដិសុខមួយចំនួនបានកើតមានឡើង ដែលបង្កដោយជនជាតិចិន និងជនបរទេសមួយចំនួនទៀត។ ពេលនោះហើយ បញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ នៅខេត្តព្រះសីហនុ បានក្លាយជារឿងដែលគេចាប់អារម្មណ៍ស្ទើទូទាំងប្រទេស។

ពេលនោះហើយ ជាឱកាសឲ្យលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក្នុងតំណែងជាស្នងការខេត្ត បានបញ្ចេញនូវស្នាដៃ ដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីប្រើប្រាស់វិធានការទប់ស្កាត់ និងឈានដល់ការបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទដែលកើតមានឡើង។ បទល្មើសដែលក្លាយជាប្រធានបទក្ដៅនៅពេលនោះ គឺអំពើចាប់ជំរិត បង្ខាំងមនុស្សដោយខុសច្បាប់ និងហិង្សាជាដើម។

ប៉ុន្ដែមិនយូរប៉ុន្មានបទល្មើសទាំងអស់ ត្រូវបានទប់ស្កាត់ និងបង្ក្រាបបានជាបន្ដបន្ទាប់។ មកទល់ពេលនេះ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគរស់នៅខេត្តព្រះសីហនុ រស់នៅដោយក្ដីសប្បាយរីករាយ និងវិនិយោគិនចេះតែកើនឡើងជាបន្ដបន្ទាប់រៀងរាល់ថ្ងៃ។

ដោយមើលឃើញពីស្នាដៃ ក្នុងការធានាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អប្រសើរហើយនោះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានសម្រេចតែងតាំងលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ជាអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

តាមរយៈតួនាទីភារកិច្ច នៅមូលដ្ឋានដែលលោកធ្លាប់បម្រើការងារនេះ គឹសង្ឃឹមថា លោក ជួន ណារិន្ទ នឹងខិតខំប្រើប្រាស់កម្លាំង ប្រាជ្ញា ស្មារតី ដើម្បីដឹកនាំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យកាន់តែទទួលបានជោគជ័យថ្មីជាបន្ដបន្ទាប់ទៀត ពិសេសក្នុងបុព្វហេតុការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ៕