(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តចំនួន០៣ រួមមានខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តក្រចេះ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ រួមគ្នាប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ “អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ” និងធ្វើការដុតបំផ្លាញគ្រឿងញៀនជាង៨គីឡូក្រាម ដែលបង្ក្រាបបាននៅក្នុងខេត្តទាំង០៣ នាពេលកន្លងមក។

ពិធីនេះធ្វើឡើងក្នុងភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងតំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានអ្នកចូលរួមពីខេត្តទាំង០៣សរុបប្រមាណ២០០០នាក់។

សូមជម្រាបថា គ្រឿងញៀនត្រូវដុតបំផ្លាញចោល ទៅតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដែលបង្ក្រាបបានពីបទល្មើសនានា ក្នុងខេត្តទាំង៣ សរុបចំនួន ៨,៩២៦ក្រាម ក្នុងនោះរួមមាន ខេត្តកំពង់ចាម មានទំងន់ ៦,២២២ក្រាម, ខេត្តក្រចេះ មានទំងន់ ១,៦៥៥ក្រាម និងខេត្តត្បូងឃ្មុំ មានទំងន់ ១,០៤៧ក្រាម។

នាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ករណីគ្រឿងញៀននេះ នៅតែបន្តកើតមាន ទាំងនេះទាមទារឱ្យអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវតែមានច្ឆន្ទៈខ្ពស់ ក្នុងការបង្ក្រាប់ ព្រោះថា វាជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ សម្រាប់ប្រជាពលរដ្ឋរបស់យើង ពិសេសស្រទាប់យុវវ័យ ដែលជាទំពាំងស្នងឫស្សីរបស់ជាតិ។

លោកបណ្ឌិត អភិបាលខេត្ត បានបន្តថា គ្រឿងញៀនបំផ្លាញសុខភាព និងសង្គមទាមទាឱ្យយើង ត្រូវតែចូលរួមទាំងអស់គ្នា ក្នុងសកម្មភាព បង្ការ បង្ក្រាប ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងព្យាបាលអ្នកញៀនគ្រឿងញៀន ដើម្បីសហគមន៍មានសុវត្ថិភាព សិស្សានុសិស្ស ប្រជាពលរដ្ឋត្រូវរាយការណ៍ទៅសមត្ថកិច្ចគ្រប់ករណីគ្រឿងញៀន ហើយអ្នកពាក់ព័ន្ធ និងការជួញដូរ ចរាចរណ៍ ចែកចាយគ្រឿងញៀន ត្រូវផ្តន្ទាទោសតាមច្បាប់ដោយមិនមានលើកលែង។

ទន្ទឹមនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវតែប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប អនុវត្តនូវវិធានការទាំង ៥ របស់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ ឱ្យសកម្មផុលផុស តាមទិសស្លោក ៣កុំ ១រាយការណ៍ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនទទួលបានជោគជ័យ។

លោក ណុប ឡងឌី អភិបាលរងខេត្ត និងលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ បានបង្ហាញរបាយការណ៍សកម្មភាព និងកិច្ចខិតខំប្រឹងប្រែង គ្រប់ផ្នែកពាក់ព័ន្ធ និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់ ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន សំដៅធានាបានសុវត្ថិភាពសហគមន៍មូលដ្ឋាន និងបានលើកឡើងពីគ្រោះថ្នាក់ និងផលវិបាកពីគ្រឿងញៀនដែលបង្កមហន្តរាយដល់ខ្លួន អ្នកប្រើ ក្រុមគ្រួសារ និងសហគមន៍។

តមកបន្ទាប់ពីលោកឧត្តមសេនីយ៍ឯក ថោង សុគុន្ធា អគ្គលេខាធិការរង នៃអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអានសាលិខិតរបស់សម្តេចជោ ហ៊ុន សែន អតីតនាយរដ្ឋមន្រ្តីនៃព្រះរាជាណាកម្ពុជា ដោយបានបង្ហាញពីឆន្ទៈ របស់រាជរដ្ឋាភិបាល ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន សំដៅការពារបាននូវសុខុមាលភាពប្រជាពលរដ្ឋ និងអំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនបន្ថែមទៀត៕