(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលដំបូងជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិប្រមាណ ៤០០នាក់ នៅទីស្តីការក្រសួង។

ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តី សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត គោរពជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្រ្តី ដែលតែងយកចិត្តទុកដាក់ក្នុងវិស័យអធិការកិច្ច និងបានគាំទ្រ ព្រមទាំងឯកភាពឱ្យសម្រេចឱ្យប្តូរឈ្មោះពីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទៅជា «ក្រសួងអធិការកិច្ច»។

លោក ហួត ហាក់ សូមថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅគោរពជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានបន្សល់ទុកនូវស្នាដៃ និងសមិទ្ធផលជាច្រើន។

លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅគោរពជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្ត និងផ្តល់ឱកាសដល់រូបលោក ឱ្យចូលរួមជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្នុងនាមជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដើម្បីបន្តបេសកម្មដ៏ឧត្តុង្គឧត្តមលើវិស័យអធិការកិច្ច។

ដើម្បីតបស្នងនឹងការផ្តល់ឱកាសដ៏វិសេសវិសាលខាងលើ លោករដ្ឋមន្ត្រី បានបេ្តជ្ញាចិត្តយ៉ាងមុះមុត ក្នុងការបន្តថែរក្សាការពារសមិទ្ធផលមុនៗ និងបង្កើនសមិទ្ធផលថ្មីៗ ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ។ ដូច្នេះដើម្បីសម្រេចបាននូវកិច្ចការងារដ៏ឧត្តុមឧត្តុង្គនេះ គឺទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ពោលគឺថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់ក្រសួង។

លោករដ្ឋមន្ត្រី ហួត ហាក់ បានអបអរសាទរនៃការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព សំដៅឆ្លើយតបនឹងបំណងប្រាថ្នាប្រជាជន ឆ្ពោះទៅសម្រេចឱ្យបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ នេះ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និងបន្តធានានូវ «ប្រសិទ្ធភាពសមិទ្ធកម្ម» តាមរយៈការអនុវត្តអភិក្រមចំនួន៥ ចំណុច «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ។ ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ គឺផ្ដោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈ ដែលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីហេតុផល និងភាពចាំបាច់ក្នុងការប្តូរឈ្មោះពីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទៅជា «ក្រសួងអធិការកិច្ច» គឺដើម្បីឆ្លើយតបនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយបន្តកែទម្រង់ស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់គ្នា ដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ការបង្កើតបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងសង្គមឌីជីថល។

ក្នុងពិធីសំណេះសំណាលរយៈពេលប្រមាណជិត២ម៉ោង លោករដ្ឋមន្រ្តី ក៏បានលើកឡើងអំពីសារៈសំខាន់ៗនៃវិស័យអធិការកិច្ច ដែល «អធិការកិច្ចជាភ្នែក ជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម»។ ក្នុងន័យនេះលោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំ និងក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ឱ្យពង្រឹងវិន័យផ្ទៃក្នុង របៀបរបបការងារ និងពង្រឹងសមត្ថភាពស្ថាប័ន។

បន្ថែមលើនេះ លោករដ្ឋមន្រ្តី ហួត ហាក់ បានណែនាំឱ្យយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យមានសុខុមនីយកម្មនៅក្នុងអង្គភាព ទាំងកម្រិតថ្នាក់ដឹកនាំ និងកម្រិតបច្ចេកទេស។ លោករដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រសួងលើកទឹកចិត្តដល់មន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ដោយផ្អែកលើគុណាធិបតេយ្យ។

លោករដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំ និងការប្តេជ្ញាចិត្តខ្ពស់ ព្រមជាមួយនឹងសេចក្តីសង្ឃឹមរួមគ្នាថាយើងនឹងរួបរួមគ្នាជាធ្លុងមួយបំពេញឱ្យបាននូវបេសកម្មចម្បង ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានប្រគល់ជូនក្រសួងក្នុងវិស័យអធិការកិច្ច៕