(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យសិក្សាទិដ្ឋភាពច្បាប់ ដើម្បីតម្រូវឲ្យអ្នកបើកបរម៉ូតូចាប់ពីកម្លាំង ៦០សេសេឡើង ត្រូវតែមានប័ណ្ណបើកបរ ហើយការតម្រូវបែបនេះ ធ្វើឡើងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ការណែនាំរបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា ធ្វើឡើងក្នុងឱកាសអញ្ជើញប្រកាសចូលកាន់តំណែង នាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ នាទីស្ដីការក្រសួងមហាផ្ទៃ។

លោកអភិសន្ដិបណ្ឌិត ស សុខា បានថ្លែងយ៉ាងដូច្នេះថា «បច្ចុប្បន្ននេះម៉ូតូកម្លាំង១២០សេសេ មិនចាំបាច់មានប័ណ្ណបើកបរទេ ប៉ុន្ដែអនាគតខ្ញុំគិតថាគួរតែមាន។ ព្រោះម៉ូតូកម្លាំង១២០សេសេមែន ប៉ុន្ដែកុងទ័រខ្លះ១២០-១៣០ បើយើងបើកត្រឹម៨០-៩០ បុកគោ បុកក្របី ក៏អាចមានគ្រោះថ្នាក់ដែរ អញ្ចឹងហើយនេះជាការគិតគូរបន្ថែមទៀត ជាវិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នាពេលអនាគត អាចត្រឹមក្រោម៦០សេសេមិនចាំបាច់មានទេ ប៉ុន្ដែ៦០សេសេឡើង ត្រូវមានប័ណ្ណបើកបរ»

ទាក់ទិនការងារនេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានណែនាំដល់លោកសន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ត្រូវសិក្សាទិដ្ឋភាពច្បាប់ និងរកអំណេះអំណាង ដើម្បីជជែកពិភាក្សាជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាតួអង្គសំខាន់ក្នុងការរៀបចំការងារនេះ។

គួរជម្រាបថា ការងារនេះអាចនិយាយបានថា ជាសារក្នុងការធ្វើកំណែទម្រង់លើកទី១ នៅពេលចូលកាន់តំណែងជាឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ របស់លោកអភិសន្ដិបណ្ឌិត ស សុខា ហើយក៏ត្រូវបានចាត់ទុកថា ជាការងារមួយដ៏សំខាន់ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា។ លោកអភិសន្ដិបណ្ឌិត ស សុខា ដែលធ្លាប់ជាមន្ដ្រីនគរបាលដែលនោះ បានជ្រាបច្បាស់អំពីការងារប្រឈមមួយចំនួន ពាក់ព័ន្ធរឿងចរាចរណ៍នេះ។

បច្ចុប្បន្ននេះ អ្នកបើកបរម៉ូតូនៅក្នុងប្រទេសកម្ពុជា កម្លាំងក្រោម១២៥សេសេ មិនតម្រូវឲ្យមានប័ណ្ណបើកបរនោះទេ ពោលចាប់ពីកម្លាំង១២៦សេសេឡើងទៅ គឺតម្រូវឲ្យមានប័ណ្ណបើកបរប្រភេទ «ក»