(កណ្តាល)៖ នៅព្រឹកថ្ងៃទី០៨ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីចាក់បេតុងតភ្ជាប់ស្ពានកោះធំ ដែលជាស្ពានថ្មីមួយទៀត ដែលឆ្លងកាត់ទន្លេបាសាក់ ស្ថិតនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ ក្នុងពិធីចាក់បេតុងតភ្ជាប់នេះ ក៏មានការអញ្ជើញចូលរួមពីលោកស្រី ប៊ូ ជាហ្គូ ឯកអគ្គរដ្ឋទូតចិន ដែលជិតបញ្ចប់អាណត្តិការងារនៅកម្ពុជាផងដែរ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន សុំទោសប្រជាពលរដ្ឋដែលប្រកបរបបរត់ទូកដ បន្ទាប់ពីរាជរដ្ឋាភិបាលសាងសង់ស្ពាន ធ្វើឱ្យប៉ះពាល់ដល់មុខរបររបស់ពួកគេ។
* សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាគ្មានការប្រកាសអាសន្ន និងបម្រាមគោចរពេលយប់នោះទេ ដោយសារតែប្រទេសមានសន្តិភាព។
* សម្តេចតេជោ ហ៊ុន សែន៖ «ពានរង្វាន់ សមិទ្ធផលអាស៊ានមួយជីវិត មិនមែនរបស់ខ្ញុំតែម្នាក់ឯងនោះទេ គឺសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស»។
* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកលេង Facebook ម្នាក់ដែលបានចេញវីដេអូប្រមាថអាយុជីវិតសម្តេចថា ដាច់សសៃឈាមខួរក្បាល ហើយត្រូវបញ្ជូន ទៅព្យាបាលសិង្ហបុរី។ សម្តេចថា ពេលនេះសម្តេចនៅមានរូបរាងកាយរឹងមាំ ហើយគ្មានពូជដាច់សសៃឈាមខួរក្បាលទេ។
* សម្តេចតេជោ រម្លឹកឡើងវិញរឿងសម្រេចឱ្យផ្អាកការធ្វើបណ្ណបើកបរដល់ អ្នកជិះម៉ូតូចាប់ពី 125CC ចុះក្រោម។ សម្តេចថា បើសិនជាមិនសម្រេចឱ្យផ្អាកនោះ ប្រជាពលរដ្ឋនឹងរវល់តែធ្វើបណ្ណបើកបរនេះតែម្តង។
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសរសើយុវជនម្នាក់ ដែលចោទជាសំណួរថា ហេតុអ្វីក៏គណបក្សប្រឆាំង មិនដែលផ្សាយសមិទ្ធផលនានា របស់គណបក្សកាន់អំណាច។
* សម្តេចតេជោ អំពាវនាវឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ សម្តេចថា អំឡុងចុះឈ្មោះបោះឆ្នោត មានរយៈពេល៣ខែ ចាប់ពីថ្ងៃទី១ ខែកញ្ញា តទៅដូច្នេះពលរដ្ឋត្រូវឆ្លៀត។
* សម្តេចតេជោ ហ៊ុន សែន៖ ប្រកាសជូនកម្មករ-កម្មការិនី និងប្រជាពលរដ្ឋថា ការចុះឈ្មោះបោះឆ្នោត អាចធ្វើបាននៅកន្លែងណាក៏បានឲ្យតែនៅជិត និងងាយស្រួល, សម្តេចតេជោ ហ៊ុន សែន បន្តប្រកាស សម្រួលឱ្យកម្មករ និយោជិត អាចចុះឈ្មោះបោះឆ្នោតនៅខេត្ត រាជធានី ដែលពួកគេធ្វើការបាន។
* នៅចុងបញ្ចប់នៃសុន្ទរកថា នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ដោយសង្ឃឹមថា ទំនាក់ទំនងកម្ពុជា-ចិន នឹងរឹងមាំដូចស្ពានបេតុងឆ្លងស្ពាននេះដែរ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សុន្ទរកថា នៅម៉ោង៨៖៥៧ព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់៕