(ភ្នំពេញ)៖ ប្រតិភូក្រុមប្រឹក្សាភិបាលរបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) និងសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលមានចំនួន ៣០រូប បានចូលជួបសម្ដែងការគួរសម ជាមួយជា លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ នាថ្ងៃទី២៨ ខែសីហា ២០២៣ ដើម្បីលើកឡើងពីបញ្ហាប្រឈមរបស់ SME និងលើកជាសំណូមពរមួយចំនួន ដើម្បីរួមគ្នាអភិវឌ្ឍន៍ SME នៅកម្ពុជា។
ក្នុងឱកាសជួបសម្តែងការគួរសមនេះដែរ ឧកញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានសម្តែងការអបអរសាទរចំពោះ លោក ហែម វណ្ណឌី ដែលបានមកកាន់តំណែងនៅក្រសួង ក្នុងអាណត្តិទី៧នេះ។
លោកមានប្រសាសន៍ថា FASMEC និងសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានសហការគ្នាក្នុងការបំពេញ ការងារ និងសកកម្មភាពជាច្រើន ជាមួយគណៈកម្មការរបស់ខ្លួនក្នុងការរៀបចំ សិក្ខាសាលា ក៏ ដូចជាការបណ្តុះបណ្តាលទៅសមាជិក សមាជិកាចំនួន២៥រាជធានីខេត្ត និងដើម្បីប្រមូលនូវ បញ្ហាប្រឈមជាច្រើនក៏ដូចជាសំណូមពរផ្សេងៗរបស់សមាជិក សមាជិកា ដើម្បីលើកយកមកពិក្សាជាមួយនឹងវេទការបស់រាជរដ្ឋាភិបាល និងវិស័យឯកជននៅក្នុងខែវិច្ឆិកាឆ្នាំ២០២៣ខាងមុខនេះ។
ជាមួយគ្នានេះ លោកបានលើកសំណូមពរមួយចំនួនដើម្បីជំរុញការអភិវឌ្ឍន៍ SME នៅកម្ពុជាបន្ថែមទៀត។ លោកចង់ឱ្យក្រសួងជួយដឹកនាំផ្តួចផ្តើម និងធ្វើពីពិព័រណ៍ ស្តីពី សហព័ន្ធសហគមសហគ្រាសធុនតូច និងធម្យមកម្ពុជាប្រចាំឆ្នាំ ដែលរៀបចំធ្វើនៅមជ្ឈមណ្ឌលកោះពេជ្រ ឬ សួនច្បារសម្ដេចតេជោ ដើម្បីតាំងបង្ហាញផលិតផលខ្មែរទៅដល់សាធារណៈជន។
ជាមួយគ្នានេះ លោកបានស្នើសុំដល់ក្រសួងសហការជាមួយ FASMEC និង សមាគមមូលនិធិសម្ដេចតេជោ ក្នុងការដឹកនាំ និងរៀបចំបង្កើត«កម្មវិធីប្រកួតពានរង្វាន់សហគ្រិនសហគ្រាសធុនតូចនិងមធ្យមកម្ពុជាទូទាំងប្រទេស»ប្រចាំឆ្នាំ ដើម្បីលើកទឹកចិត្ត ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
លើសពីនេះទៅទៀត លោកស្នើសុំរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ធ្វើជាប្រធានគណៈអធិបតី នៅក្នុងកិច្ចប្រជុំ និងសន្និសីទ ទាក់ទងនឹងការចុះ MOU ជាមួយ សមាគមទាំងអស់ទូទាំងប្រទេស ដោយ FASMEC និងសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នឹងកៀងគរ សមាគមទូទាំងប្រទេសជាច្រើន ចុះ MOU ជាមួយគ្នា ដើម្បីគាំពារ និងគាំទ្រ SME ទាំងអស់ ក្នុងការជំរុញ និង បង្កើនការផលិតនូវកសិឧស្សាហកម្មឱ្យកាន់ច្រើន។
ទន្ទឹមគ្នានេះ លោកស្នើសុំសូមឱ្យរដ្ឋាភិបាលជួយទិញផលិតផល ពីសមាជិករបស់ FASMEC និង សមាគមមូល និធិសម្តេចតេជោ ដែលជាផលិតផលក្នុងស្រុក ប្រសិនបើរដ្ឋាភិបាលត្រូវការអំណោយ ជួយដល់ប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន និងគ្រោះមហន្តរាយ ផ្សេងៗ ជាជាងការទិញផលិតផល ពីក្រៅប្រទេស ដើម្បីលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ខណៈអ្នកផលិតក្នុងស្រុកមានលទ្ធភាពគ្រប់គ្រាន់ក្នុងផ្គត់ផ្គង់។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ បានថ្លែងថា ពាក់ព័ន្ធនឹងវិស័យ SME រដ្ឋាភិបាលបានធ្វើការសិក្សាជាច្រើនមកហើយ ដើម្បីជួយគាំទ្រ ដល់ សហគ្រាសធុនតូច និងមធ្យម។
លោកបន្តថា ថ្វីត្បិតតែបច្ចុប្បន្ននេះ SME មានការប្រឈមប៉ុន្តែប្រសិនបើមានការរួមសហការគ្នាពីវិស័យឯកជន និងរដ្ឋ នោះនឹងអាចដោះស្រាយបញ្ហាបាន ខណៈនៅក្នុងអាណត្តិនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ណាស់ចំពោះSME។ ជាមួយគ្នានេះ លោកជំរុញឱ្យ សមាគម ឬSME ដែលបានបែកខ្ញែកគ្នា ចងក្រង និងចាប់ដៃគ្នាឡើងវិញ ដើម្បីធ្វើឱ្យSME មានភាពរឹងមាំ នឹងឈានទៅបង្កើនការផលិតទំនិញសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។
លោកបានបញ្ជាក់ថា ក្នុងដំណាក់កាលដំបូងនេះ លោកកំពុងរៀបចំពង្រឹងផ្ទៃក្នុងជាមួយមុនសិន។ តែយ៉ាងនេះក្តី ក្រសួងនឹងខិតខំកែលម្អការផ្តល់សេវាសាធារណៈ ជំរុញការធ្វើងារ និងការផ្តល់សេវាតាមរយៈអនឡាញ ដើម្បីផ្តល់ភាពងាយស្រួលដល់ម្ចាស់ SME។
លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកោតសរសើចំពោះសមិទ្ធផលការងារនានារបស់លោក ហែម វណ្ណឌី ជាពិសេសនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយជឿជាក់លើសមត្ថភាពដឹកនាំរបស់លោករដ្ឋមន្ត្រីថ្មី ព្រមទាំងបានស្នើឲ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួងទាំងអស់ សាមគ្គីផ្ទៃក្នុងដើម្បីគាំទ្រលោករដ្ឋមន្ត្រី ឲ្យសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់សម្រាប់ជាតិមាតុភូមិកម្ពុជា៕