(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ផ្តាំឲ្យមេបញ្ជាការ មូលដ្ឋានស្រុកសាមគ្គីមុនីជ័យ គិតគូរសុខទុក្ខពលរដ្ឋជាចម្បង ហើយកុំដើរជាតួរឯកក្នុងការដឹកនាំអង្គភាព ត្រូវពង្រឹងស្មារតីសាមគ្គីផ្ទៃក្នុង និងខិតខំកសាងអង្គភាពឲ្យមានភាពប្រសើរឡើង។ ការថ្លែងណែនាំនេះ បានធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែង របស់លោកវរសេនីយ៍ត្រី អ៊ុក ភឿន ដែលត្រូវចូលកាន់តំណែងស្រុកសាមគ្គីមុនីជ័យ ដែលទើបបង្កើតថ្មី នៃខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានលើកឡើងថា ដោយបានការអនុញ្ញាតរបស់នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហលើផ្ទៃប្រទេស ស្របតាមសេចក្តីសម្រេច របស់អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ចំពោះមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ ពីមុនជាមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកឧដុង្គ (ចាស់) ដែលត្រូវទទួលបានការតែងតាំង គឺលោក វរសេនីយ៍ត្រី អ៊ុក ភឿន ត្រូវបានតែងតាំងជាថ្មី។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបន្តថា ក្រោយទទួលបានតំណែងថ្មី មេបញ្ជាការថ្មី គប្បីត្រូវយកចិត្តទុកដាក់នូវភារកិច្ចស្នូល មួយចំនួនដូចជា ការងារដឹកនាំ គ្រប់គង បញ្ជា អង្គភាពមានសណ្តាប់ធ្នាប់ កងទ័ពមានវិន័យល្អ ផ្ទៃក្នុងមានការសាមគ្គីឯកភាពផ្ទៃក្នុង រឹងមាំ មានស្មារតី ឆន្ទៈ មនសិការ ស្មោះត្រង់ អង់អាចក្លាហាន ឧស្សាហ៍ព្យាយាម យល់ច្បាស់ពីតួនាទី ភារកិច្ច គោរពច្បាប់ វិន័យកងទ័ព ក្រមសីលធម៌វិជ្ជាជីវៈកងរាជអាវុធហត្ថ សហការជាមួយអាជ្ញាធរ មូលដ្ឋាន ដើម្បីសម្រេចភារកិច្ចដែលថ្នាក់លើប្រគល់ឲ្យ។ ធ្វើយ៉ាងណាឆ្លើយតបទៅនឹងតួនាទីភារកិច្ចខាងលើ ត្រូវក្ដាប់ឱ្យជាប់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវទិសស្លោកទាំង ៤ឃ្លា របស់នាយឧត្ដមសេនីយ៍ សៅ សុខា រួមមាន៖ ១/ ចំពោះប្រទេសជាតិ ត្រូវតែការពារ ២/ ចំពោះប្រជា ត្រូវតែបម្រើ ៣/ ច្បាប់ត្រូវតែគោរព និង៤/ បទល្មើសត្រូវតែបង្ក្រាប ។

លោកឧត្តមសេនីយ៍ត្រី បានសង្កត់ធ្ងន់ថា សូមប្រព័ន្ធផ្សព្វផ្សាយ ជួយតាមដានការអនុវត្តតួនាទី ភារកិច្ច ក៏ដូចជាវិន័យ កងរាជអាវុធហត្ថ ផ្ដល់នូវរាល់ព័ត៌មានពិត ដើម្បីចូលរួមកសាងកងរាជអាវុធហត្ថមួយឱ្យក្លាយជាកម្លាំង របស់ជាតិ ដែលបង្កើតឡើងដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិ។

លោក មួង ធី អភិបាលស្រុកសាមគ្គីមុនីជ័យ បានលើកឡើងថា មេបញ្ជាការថ្មី មេត្តាសហការឲ្យបានល្អជាមួយកម្លាំងក្នុងមូលដ្ឋាន ដើម្បីប្រយោជន៍រួម សន្តិសុខរួម  ហើយត្រូវឆ្នៃប្រឌិតក្នុងការរស់នៅឲ្យបានប្រសើរ ក្នុងនោះត្រូវថែរក្សា និងឯកភាពផ្ទៃក្នុង ជាពិសេសសុខទុក្ខពលរដ្ឋគឺជាសុខទុក្ខយើងជាកងកម្លាំងទាំងអស់គ្នា៕