(ប៉ៃលិន)៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកវគ្គបណ្ដុះបណ្ដាលស្តីពី «នីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ» ជូនសិក្ខាកាមគោលដៅជាមន្រ្តីរាជការនៃរដ្ឋបាលខេត្ត ក្រុង ស្រុក និង មន្ទីរ អង្គភាពជំនាញ នៃខេត្តប៉ៃលិន សំដៅពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងនីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង គ្រប់គ្រងចំណូលមិនមែនសារពើពន្ធ សម្រាប់អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចជោគជ័យ ប្រកបដោយប្រសិទ្ធភាព និង ចីរភាព។

ពិធីបើកវគ្គនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅម៉េម៉ូរីយ៉ា ផាឡេស និង រីសត ខេត្តប៉ៃលិន ប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោកបណ្ឌិត សឹង រេត អនុរដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពី លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន និង ប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងគ្រូបង្គោល សិក្ខាកាមគោលដៅសរុបប្រមាណ ៩០ នាក់ ។

ថ្លែងក្នុងពិធីនោះ លោកបណ្ឌិតអនុរដ្ឋលេខាធិការ បានជម្រាបជូនអង្គពិធីថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាការងារអាទិភាពមួយ ក្នុងចំណោមកម្មវិធីកែទម្រង់គន្លឹះៗរបស់រាជរដ្ឋាភិបាលដែលមានចក្ខុវិស័យ «ប្រែក្លាយប្រព័ន្ធថវិកាកម្ពុជាទៅជាប្រព័ន្ធផ្ដោតលើលទ្ធផល ឬ សមិទ្ធកម្ម និង វិមជ្ឈការ»។ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មាន ៤ ដំណាក់កាលសំខាន់ៗ ហើយបច្ចុប្បន្ន បានឈានដល់ដំណាក់កាលទី ៤ ជាដំណាក់កាលចុងក្រោយ ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ។

លោកបណ្ឌិតអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា នៅដំណាក់កាលទី៤ នេះ, សិទ្ធិអំណាច ភាពជាម្ចាស់ និង ការទទួលខុសត្រូវកាន់តែច្រើនទ្បើង ត្រូវបានផ្ទេរទៅឱ្យក្រសួងស្ថាប័ន និង មន្ទីរ អង្គភាពជំនាញក្រោមឱវាទ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការរៀបចំ និង ការអនុវត្តថវិកាកម្មវិធីពេញលេញ និង អង្គភាពថវិកា។ ការណ៍នេះ ទាមទារឱ្យគ្រប់ក្រសួងស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការយកចិត្តទុកដាក់កាន់តែខ្ពស់ថែមទៀត លើការពង្រឹងពង្រីកសមត្ថភាព និង ជំនាញវិជ្ជាជីវៈ ជូនមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ ។ ក្នុងន័យនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានយកចិត្តទុកដាក់ជាប្រចាំលើការកសាង និង ការអភិវឌ្ឍសមត្ថភាព លើជំនាញគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាសេនាធិការលើការងារបណ្តុះបណ្ដាល និង វិក្រឹតការ ព្រមទាំងបានដាក់ចេញផែនការយុទ្ធសាស្ត្រកសាង និង អភិវឌ្ឍសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ដើម្បីតម្រង់ទិសការបណ្ដុះបណ្ដាល និងវិក្រឹតការសមត្ថភាព ជំនាញហិរញ្ញវត្ថុសាធារណៈជូនក្រសួងស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ។

ទន្ទឹមនេះ, ច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី ដែលត្រូវបានដាក់ឱ្យអនុវត្តនៅឆ្នាំ ២០២៣ បានកំណត់ថា «មន្ត្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈនៃក្រសួងស្ថាប័ន និង អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ និង គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានភារកិច្ចអនុវត្តការងារហិរញ្ញវត្ថុ ត្រូវមានគុណវុឌ្ឍិវិជ្ជាជីវៈតាមប្រភេទមុខតំណែងការងារនីមួយៗ»។ តាមរយៈនេះ, ការបណ្ដុះបណ្ដាល និង វិក្រឹតការសមត្ថភាព លើជំនាញពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានក្លាយជាកាតព្វកិច្ចចំពោះមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ សម្រាប់ការបំពេញមុខងារភារកិច្ច, ការបង្កើនផលិតភាព និង ការលើកកម្ពស់ប្រសិទ្ធភាពការងារ។

លោកបណ្ឌិតអនុរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល បានដាក់ចេញនីតិវិធីគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និង លិខិតបទដ្ឋានគតិយុត្តសំខាន់ៗផ្សេងទៀត សម្រាប់លើកកម្ពស់ប្រសិទ្ធភាព គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។ ក្នុងនោះ រចនាសម្ព័ន្ធតួអង្គពាក់ព័ន្ធនឹងការគ្រប់គ្រង ការប្រើប្រាស់ និង ការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ត្រូវបានកំណត់យ៉ាងច្បាស់ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺជាសេនាធិការរបស់រាជរដ្ឋាភិបាល លើមុខងារជា «អាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ» ចំណែកឯក្រសួងស្ថាប័ន, អង្គភាពប្រហាក់ប្រហែល, រដ្ឋបាលថ្នាក់ក្រោមជាតិ, និង នីតិបុគ្គលសាធារណៈដទៃទៀត បំពេញមុខងារជា «អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ»។ តួអង្គទាំងពីរនេះមានតួនាទីបំពេញគ្នាទៅវិញទៅមក និង ត្រូវសហការជិតស្និទ្ធ ដើម្បីធានាសុក្រឹតភាព ភាពគ្រប់ជ្រុងជ្រោយ និង ទាន់ពេល ក្នុងការរៀបចំ និង ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។

លើសពីនេះ ជាមួយនឹងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង យុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាល, ច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ត្រូវបានប្រកាសឱ្យប្រើនៅឆ្នាំ ២០២២ សម្រាប់គ្រប់គ្រងវិស័យចំណូលមិនមែនសារពើពន្ធ, កៀរគរចំណូលមិនមែនសារពើពន្ធ និង គ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធ ឱ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព គណនេយ្យភាព និង សង្គតិភាព សំដៅរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និង ការលើកកម្ពស់សុខុមាលភាពសង្គម ប្រកបដោយបរិយាប័ន្ន និង ចីរភាពជូនប្រជាជន។

ទន្ទឹមនេះ ដើម្បីធានាប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព នៃការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្កើតប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) ដែលបានដាក់ឱ្យអនុវត្តដំណាក់កាលទី១។ ជំហានដំបូង ប្រព័ន្ធ SARMIS នេះ ត្រូវអនុវត្តក្នុងទម្រង់ជា Offline នៅតាមបណ្តាក្រសួងស្ថាប័ន នីតិបុគ្គលសាធារណៈ និង នៅរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ទូទាំងប្រទេស។ ការដាក់ចេញប្រព័ន្ធ SARMIS អនុញ្ញាតឱ្យអ្នកប្រើ កាន់តែងាយស្រួលក្នុងការធ្វើបច្ចុប្បន្នកម្មតម្លៃទ្រព្យសម្បត្តិរដ្ឋ ហើយការបញ្ជូនទិន្នន័យទ្រព្យសម្បត្តិរដ្ឋពីអាជ្ញាធរកាន់កាប់ មកអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ បានឆាប់រហ័ស និង ប្រែក្លាយការងារគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឱ្យទំនើប ត្រឹមត្រូវ ជាក់លាក់ មានតម្លាភាព ប្រសិទ្ធភាព និង គណនេយ្យភាព ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។

បន្ថែមលើនេះ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្កើតប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) និង បានដាក់ឱ្យអនុវត្តជាផ្លូវការនៅឆ្នាំ ២០១៨។ ប្រព័ន្ធ NRMIS ត្រូវបានធ្វើសន្ធានកម្មជាមួយប្រព័ន្ធ FMIS និងត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ២០២០។ តាមរយៈនេះ, វគ្គបណ្ដុះបណ្ដាលនេះ មិនត្រឹមតែចូលរួមដល់ការគាំទ្រ និង ការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និង មូលធនមនុស្ស ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយលោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាត់ទុកជាអាទិភាពខ្ពស់បំផុតនៅក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ៕