(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មី ចំនួន៧រូប នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុនពេលអញ្ជើញទៅបំពេញបេសកកម្មការទូតប្រចាំនៅប្រទេសជាមិត្តនានា។

ក្នុងជំនួបសម្តែងការគួរសមនេះ លោកស្រីកិត្តិសង្គហបណ្ឌិត បានសម្តែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយក្តីមោទនភាពដ៏ក្រៃលែង និងដោយមានសេចក្តីជឿជាក់ថា ឯកអគ្គរាជទូតរបស់កម្ពុជា នឹងធ្វើជាតំណាងយ៉ាងក្លៀវក្លា ជាមួយនឹងការប្រកាន់ខ្ជាប់នូវតម្លៃរបស់ប្រទេសជាតិ និង ផលប្រយោជន៍ជាតិជាចម្បង។

លោកស្រីកិត្តិសង្គហបណ្ឌិត បានថ្លែងថា ស្ថិតក្នុងកាលៈទេសៈដែលពិភពលោក កំពុងមានការកើនឡើងនៃភាពស្មុគស្មាញសកល ការប្រែប្រួល និងហានិភ័យ វិស័យការទូតដើរតួនាទីយ៉ាងសំខាន់ ដើម្បីឈរជាមូលដ្ឋានគ្រឹះក្នុងការរក្សាសន្តិភាពពិភពលោក និងការជំរុញនូវភាពរុងរឿង។

លោកស្រីកិត្តិសង្គបណ្ឌិត ឃួន សុដារី បានគូសបញ្ជាក់បន្ថែមទៀតថា ក្នុងអាណត្តិនីតិកាលនេះ ចំណុចសំខាន់ត្រូវផ្តោតទៅលើដំណើរការកំណែទម្រង់សេដ្ឋកិច្ច និងស្ថាប័ន ស្របទៅតាម «យុទ្ធសាស្ត្របញ្ចកោណ»។ ក្នុងន័យនេះលោកស្រីកិត្តិសង្គហបណ្ឌិត បានធ្វើការកត់សម្គាល់ថា ទំនាក់ទំនងការទូតសេដ្ឋកិច្ចមានសារៈសំខាន់ក្នុងការសម្រេចបាន ទាំងគោលបំណងផ្នែកសេដ្ឋកិច្ច និងតម្រូវការសន្តិសុខជាតិ។

ជាមួយគ្នានេះ លោកស្រីកិត្តិសង្គបណ្ឌិត ក៏បានលើកឡើងនូវចំណុចសំខាន់មួយថែមទៀតនៃការទូតរបស់យើង គឺការលើកកម្ពស់ការផ្លាស់ប្តូរផ្នែកអប់រំ និងវប្បធម៌ជាមួយបណ្តាប្រទេសនានា។ កិច្ចខិតខំប្រឹងប្រែងការទូតរបស់កម្ពុជា រួមមាន ការទូតរបស់រាជរដ្ឋាភិបាល ការទូតសភា ការទូតបក្ស និងការទូតប្រជាជន។ ការធ្វើការទូតរួមនៅគ្រប់ផ្នែកទាំងអស់គឺជាការចាំបាច់ក្នុងការសម្រេចបាននូវផលប្រយោជន៍ជាតិជាធំ។

សូមជម្រាបថា​ ឯកអគ្គរាជទូតទាំង៧រូប ដែលត្រូវអញ្ជើញទៅបំពេញបេសកកម្មការទូតប្រចាំប្រទេសជាមិត្តនានារួមមាន៖

១៖ លោក លុយ ដាវីត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋបារាំង អ៊ីតាលី ព័រទុយហ្កាល់ ម៉ាល់តា ព្រះរាជាណាចក្រអេស្បាញ បូរីក្សត្រម៉ូណាកូ ដែលមាននិវេសនដ្ឋាននៅទីក្រុងប៉ារីស។
២៖ លោក ឡាយ សំកុល ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំចក្រភពអង់គ្លេស អៀរឡង់ ព្រះរាជាណាចក្រដាណឺម៉ាក ស៊ុយអែត ន័រវែស និងសាធារណរដ្ឋហ្វាំងឡង់ ដែលមាននិវេសនដ្ឋាននៅទីក្រុងឡុងដ៏។
៣៖ លោក សុក ជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី តាហ្ស៊ីគីស្ថាន អាសៃបៃហ្សង់ កាហ្សាក់ស្ថាន ហ្សកហ្ស៊ី កៀហ្ស៊ីស៊ីស្ថាន សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងរដ្ឋអ៊ីស្រាអែល ដែលមាននិវសេនដ្ឋាននៅទីក្រុងអង់ការ៉ា។
៤៖ លោក ទាន សំណាង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដែលមាននិវេសនដ្ឋាននៅទីក្រុងហ្សាការតា។
៥៖ លោក ហ៊ុលក្រង ផាណង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតឡាវ។
៦៖ លោក ឈាង ធីរ៉ា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋអាល្លឺម៉ង់ សាធារណរដ្ឋប៉ូឡូញ សាធារណរដ្ឋឆែក សាធារណរដ្ឋក្រូអាត សាធារណរដ្ឋហុងគ្រី សាធារណរដ្ឋស្លូវ៉ាគី សាធារណរដ្ឋស្លូវ៉ានី និងប្រទេសអ៊ុយក្រែន ដែលមាននិវេសនដ្ឋាននៅទីក្រុងប៊ែរឡាំង។
៧៖ លោក តាន់ ប៊ុនប៉ា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារដ្ឋស៊ែប៊ី ដែលមាននិវេសនដ្ឋាននៅទីក្រុងប៊ែលក្រាត៕