(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់របស់ប្រទេសកូរ៉េខាងត្បូង បានបង្ហាញការជឿជាក់ថា កម្ពុជានឹងកាន់តែរីកចម្រើន ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជួបពិភាក្សាការ​ងារ​ជាមួយលោក ឆុង វ៉ាងគឺន (Chung Hwang-Keun) រដ្ឋមន្ត្រីកសិកម្ម ស្បៀង និងកិច្ចការ​ជនបទ នៃប្រទេសកូរ៉េខាងត្បូង។

យោងតាមបណ្តាញសង្គមផ្លូវការរបស់ឯកឧត្តមបណ្ឌិត ហ៊ុ​ន ម៉ាណែត បានឱ្យដឹងថា នៅក្នុងជំនួបដ៏មានសារៈសំខាន់នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅវិមានសន្តិភាពនេះ ឯកឧត្តមបណ្ឌិតប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ឆុង វ៉ាងគឺន ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ លើកទី១ នៅកម្ពុជា ចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣។ ទស្សនកិច្ចនេះ​បង្ហាញអំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ នៅក្នុងវិស័យកសិកម្ម និងវិស័យផ្សេងៗទៀត។

លោក ឆុង វ៉ាងគឺន បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់​ ឯកឧត្តមកិតិ្តទេ​សា​ភិបាល​បណ្ឌិត និងបានសម្តែងការអបអរសាទរដល់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី។

លោក ឆុង វ៉ាងគឺន ក៏បានគូសបញ្ជាក់អំពីភាពជាដៃគូដ៏ជិតស្និទ្ធរវាងកម្ពុជា និងកូរ៉េខាងត្បូង ទាំង​ក្នុងន័យកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ បន្ទាប់ពីទំនាក់​ទំនង​រវាងប្រទេសទាំងពីរ ត្រូវបានផ្សារភ្ជាប់ឡើងវិញចាប់ពីចុងទសវត្សរ៍៩០។ លោកក៏បានកត់​សម្គាល់ផងដែរអំពីសក្តានុពលដ៏ធំធេងរបស់កម្ពុជា ដូចជាកត្តាធនធានធម្មជាតិ, កត្តាប្រ​ជា​សាស្រ្ត និងជាពិសេសការដឹកនាំរបស់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ដែលនឹងធ្វើឱ្យវិស័យ​កសិកម្ម ក៏ដូចជាវិស័យសំខាន់ៗដទៃទៀត មានវឌ្ឍនភាពល្អប្រសើរ នាពេលអនាគតខាងមុខ។

ជាការឆ្លើយតប ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានស្វាគមន៍នូវដំណើរ​ទស្សនកិច្ចរបស់​លោក ឆុង វ៉ាងគឺន និងបានថ្លែងអំណរគុណចំពោះលោក វ៉ាងគឺន និងជាពិសេស ប្រធានាធិបតីកូរ៉េខាងត្បូង ដែលបានផ្ញើលិខិតអបអរសាទរ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ក៏បានអរគុណចំពោះភាគីកូរ៉េ ដែលតែងផ្តល់ការគាំទ្រ និង​យក​អាសារដល់ពលករកម្ពុជានៅកូរ៉េ តាមរយៈមជ្ឈមណ្ឌលគាំពារការងារ ដែលផ្តល់សេវា​គាំ​ពារដល់កម្មករគ្រប់ប្រទេស រាប់ទាំងពលករកម្ពុជាផងដែរ។ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ក៏បានបង្ហាញផងដែរអំពីជំហរគាំទ្ររបស់កម្ពុជា ចំពោះបេក្ខភាពកូរ៉េ ក្នុងការធ្វើជា​ម្ចាស់ផ្ទះ​រៀប​ចំពិព័រណ៍ពិភពលោក ឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន។

ក្នុងឱកាសនោះ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានស្នើភាគីកូរ៉េជំរុញការវិនិយោគ​មក​កម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម សម្រាប់បម្រើឱ្យការនាំចេញ។ ភាគីទាំងពីរ ក៏បានឯក​ភាព ក្នុងការបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរ ហើយលោក ឆុង វ៉ាងគឺន មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំជាប្រវត្តិ​សាស្រ្តរបស់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត កម្ពុជានឹងកាន់តែរីកចម្រើនលើគ្រប់វិស័យ៕