(ព្រៃវែង)៖ ក្មេងប្រុស២នាក់ សម្រាកពីការសិក្សា នាំគ្នាជិះកង់ទៅលេងទឹកស្រះ បណ្ដាលឲ្យលង់ទឹកស្លាប់ យ៉ាងអាណោចអាធម៌ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង ៣៖៤៥នាទីរសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣នេះ ស្ថិតនៅក្រោយវត្តត្រាច ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
សមត្ថកិច្ចនគរបាលស្រុកស៊ីធរកណ្ដាល បានឲ្យដឹងថា មានករណីកុមារា២នាក់ បានលង់ទឹកស្លាប់នៅឃុំពោធិ៍ទី ដោយជនរងគ្រោះទី១-មានឈ្មោះ ធិន ធៀន អាយុ ១៣ឆ្នាំ ទី២-មានឈ្មោះ ចាន់ ចិត្រា អាយុ ១៣ឆ្នាំមានទីលំនៅភូមិពោធិ៍ទី ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុដែលឈានដល់កុមារាទាំងពីរនាក់បានស្លាប់នេះដោយសារពួកគេនាំគ្នាជិះកង់ ទៅលេងទឹកស្រះមានទំហំ ២០ម៉ែត្រ គុណ១១ម៉ែត្រជម្រៅ៣ម៉ែត្រ។
ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យសាកសពរួចបានប្រគល់ឲ្យក្រុមគ្រួសារយកកុមារាទាំងពីរនាក់ធ្វើបុណ្យតាមប្រពៃណី។
ជាមួយគ្នានេះ សមត្ថកិច្ចនគរបាលស្រុកស៊ីធរកណ្ដាលខេត្តព្រៃវែង ក៏បានអំពាវនាវដល់ឪពុកម្ដាយ អាណាព្យាបាលសិស្សទាំងអស់ ត្រូវអប់រំកូនចៅកុំឲ្យនាំគ្នាលេងទឹកដែលនាំឲ្យមានគ្រោះថ្នាក់ជាយថា ហេតុដូចជាករណីកុមារាទាំងពីរនាក់ដែលលង់ទឹកស្លាប់នេះផងដែរ៕