(សៀមរាប)៖ សម្រាប់ព្រឹត្តិការណ៍ នៃការរត់ប្រណាំងអន្តរជាតិ ម៉ារ៉ាតុន ចក្រភពអង្គរ (Angkor Empire Marathon 2016) លើកទី៣ ត្រូវបានរៀបចំឡើងនៅនៅបរិវេណមុខប្រាសាទអង្គរវត្ត ដោយមានការចូលរួមពីកីឡាករ កីឡាការិនីជាតិ អន្តរជាតិចំនួន ២,៣៧០នាក់ ក្នុងនោះមានកីឡាករ និងកីឡាការិនី បរទេសមានចំនួន ១,៤០០នាក់ ដែលអញ្ជើញមកពី ៤៥ប្រទេស និងកីឡាករ កីឡាការិនីចំនួន៩៧០នាក់។

ព្រឹត្តិការណ៍នេះ រៀបចំឡើងនៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ ហើយគិតទាំងលើកនេះ បានរៀបចំនួន៣លើកហើយ គឺនៅរៀងរាល់ខែសីហា ក្នុងឆ្នាំ២០១៤, ២០១៥ និង២០១៦នេះ ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។

សម្រាប់ព្រឹត្តិការណ៍នេះ ក្រោមអធិបតីភាពពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងវត្តមានចូលរួមពីប្រតិភូ ភ្ញៀវជាតិ­អន្តរជាតិជាច្រើននាក់ រួមទាំងព្រះរាជវត្តមានយាងចូលរួមពីអ្នកអង្គម្ចាស់ក្សត្រី BAJRAKITIYABHA MAHIDOL ដែលព្រះអង្គ រត់ក្នុងចម្ងាយ២១គីឡូម៉ែត្រផងដែរ។

សម្រាប់លទ្ធផលជារួមនៃការរត់ប្រណាំងអន្តរជាតិ ម៉ារ៉ាតុន មានដូចខាងក្រោម ៖

សម្រាប់ចម្ងាយផ្លូវ១០គីឡូម៉ែត្រ

ផ្នែកខាងនារី គឺលេខ១ បានទៅលើឈ្មោះ ហេង ម៉ីយូ ពាក់លេខ 6232 ជាកីឡាការិនីកម្ពុជា, លេខ២ បានទៅលើឈ្មោះ Masakko Konishi អាយុ៤១ឆ្នាំ ពាក់លេខ 6266 ជាកីឡាការិនីជប៉ុន, លេខ៣ បានទៅលើឈ្មោះ Karen Wu អាយុ១៩ឆ្នាំ ពាក់លេខ 6077 ជាកីឡាការិនីចិនតៃវ៉ាន់ ។

ផ្នែកខាងបុរស គឺលេខ១ បានទៅលើឈ្មោះ ម៉ា វីរ៉ូ ពាក់លេខ 5234 ជាកីឡាករកម្ពុជា, លេខ២ បានទៅលើឈ្មោះ ឡន សីហា អាយុ ៣០ឆ្នាំ ពាក់លេខ 5222 ជាកីឡាករកម្ពុជា, លេខ៣ បានទៅលើឈ្មោះ Masatoshi Uno អាយុ៣៧ឆ្នាំ ពាក់លេខ 5280 ជាកីឡាករជប៉ុន ។

សម្រាប់ចម្ងាយផ្លូវ ២១គីឡូម៉ែត្រ

ផ្នែកខាងនារី គឺលេខ១ បានទៅលើឈ្មោះ MIKI IMAIZUMI អាយុ ៤៩ឆ្នាំ ពាក់លេខ 4138 ជាកីឡាការិនីជប៉ុន, លេខ២ បានទៅលើឈ្មោះ YIYEE CLARISSA OOI អាយុ ២៥ឆ្នាំ ពាក់លេខ 4241 ជាកីឡាការិនីសឹង្ហបូរី, លេខ៣ បានទៅលើឈ្មោះ JASMINE PULBROOK អាយុ ៣២ឆ្នាំ ពាក់លេខ 4273 ជាកីឡាការិនីអូស្ត្រាលី ។

ផ្នែកខាងបុរស គឺលេខ១ បានទៅលើឈ្មោះ MARK WERNEY អាយុ ៤៤ឆ្នាំ ពាក់លេខ 3132 ជាកីឡាករអាមេរិក, លេខ២ បានទៅលើឈ្មោះ BREN DON THOMAS អាយុ ២៧ឆ្នាំ ពាក់លេខ 3010 ជាកីឡាករអាមេរិក, លេខ៣ បានទៅលើឈ្មោះ NEIL BURNS អាយុ ៤០ឆ្នាំ ពាក់លេខ 3148 ជាកីឡាករអាឡឺម៉ង់ ។

សម្រាប់ចម្ងាយផ្លូវ ៤២គីឡូម៉ែត្រ

ផ្នែកខាងនារី គឺលេខ១ បានទៅលើឈ្មោះ ERI NA NAKAI អាយុ ២៨ឆ្នាំ ពាក់លេខ 2022 ជាកីឡាការិនីជប៉ុន, លេខ២ បានទៅលើឈ្មោះ KAREN SOBRINO អាយុ ៤២ឆ្នាំ ពាក់លេខ 2050 ជាកីឡាការិនីអាមេរិក, លេខ៣ បានទៅលើឈ្មោះ SOPHIE CLARKE អាយុ ២៥ឆ្នាំ ពាក់លេខ 2100 ជាកីឡាការិនីអាឡឺម៉ង់ ។

ផ្នែកខាងបុរស គឺលេខ១ បានទៅលើឈ្មោះ Jeff Chaseling អាយុ ៣៩ឆ្នាំ ពាក់លេខ 1118 ជាកីឡាករអូស្ត្រាលី, លេខ២ បានទៅលើឈ្មោះ Fan Yang អាយុ ៣៦ឆ្នាំ ពាក់លេខ 1073 ជាកីឡាករចិន, លេខ៣ បានទៅលើឈ្មោះ Cheonho Yoon អាយុ ៣៤ឆ្នាំ ពាក់លេខ 1032 ជាកីឡាករកូរ៉េ ។

បើតាមការបញ្ជាក់របស់អ្នកគ្រប់គ្រង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ ដែលបានចូលរួមចំណែករៀបចំដែរនោះ បានឲ្យដឹងថា សម្រាប់ព្រឹត្តិការណ៍នេះ គឺក្នុងគោលបំណងប្រមូលថវិកា ដែលបានមកពីការចូលរួមរបស់ភ្ញៀវជាតិ និងអន្តរជាតិ និងជួយដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ និងជនពិការកម្ពុជា។ ព្រឹត្តិការណ៍នេះ គឺក៏បានជួយលើកស្ទួយនៅវិស័យទេសចរណ៍របស់កម្ពុជា យើងផងដែរ៕